ឯកឧត្តម ប៉ែន បូណា ៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុង​វិលក្បុង​ដោយសាររត់តោងកន្ទុយក្បិនគេ

(ភ្នំពេញ)៖ មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បា​ន​បង្ហា​ញ​ច្បាស់​ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មាន​គំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាព​ជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹក​នាំ​បក្ស​នយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះ​តែបើកមាត់និយាយ តែពាក្យសម្តីប្រហោង​ក្នុងដូចស្គរ។ ក្រៅពី​ពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោ​បាយ​ឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពី​មនុស្ស​ដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។

ជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះ​ឆ្នោត​នៅភូមា បុគ្គលឱកាសនិយមនេះក៏ទៅភ្ជាប់ខ្លួន​ជាមួយ​លោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជានឹងមានស្ថានភាពនេះ​ដែរ។ ប៉ុន្តែ ពេលលោកស្រី អោងសាន ស៊ូជី ក្លាយជាអ្នកដឹកនាំ​រដ្ឋាភិបាល លោកស្រីមិនអាចធ្វើអ្វីដូចកាលពីនៅជា​មេដឹកនាំ​បក្ស​ប្រឆាំងទេ។ សម រង្ស៊ី ក៏ខកចិត្តហើយបិទមាត់ឈប់​និយាយ​រឿងនេះ។ ក្រោយមកទៀត ពេលលោក អានវ៉ា អ៊ីប្រាហ៊ីម ឈ្នះឆ្នោតនៅម៉ាឡេស៊ី សម រង្ស៊ី ក៏ប្រញាប់ភ្ជាប់ខ្លួន​ជា​មួយលោក អានវ៉ា ហើយប្រកាសថា កម្ពុជានឹងមានថ្ងៃ​នោះ​ដែរ។ ប៉ុន្តែ ទីបំផុត លោក សម រង្ស៊ី និងគូកនត្រូវគេហាមប្រាម​មិនឱ្យជាន់ទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ។ សម រង្ស៊ី ក៏ខកចិត្តម្តងទៀត។

ទោះជាយ៉ាងនេះក្តី ក៏អ្នកនយោបាយដែលចាស់តែ​អាយុតែខ្វះ​ភាព​ចាស់ទុំខាងនយោបាយរូបនេះ នៅតែមិនព្រមភ្ញាក់​កំណើត​ឡើយ។ ក្រោយពីបានភ្ជាប់ខ្លួនជាមួយចលនា​បដិវត្តន៍ពណ៌​ដែល​កើតឡើងជាហូរហែនៅមជ្ឈឹមបូព៌ា លោក សម រង្ស៊ី ក៏បាន​ភ្ជាប់ខ្លួនទៅនឹងចលនាបះបោរនៅស្រីលង្កា និងចលនាបដិវត្តន៍​ពណ៌នៅបង់ក្លាដេស ជាដើម។ ប៉ុន្តែ ទីបំផុត ក៏ស្ងាត់មាត់វិញ ពេលឃើញស្ថានភាពប្រទេសទាំងនោះនៅជាប់ផុងក្នុងជម្លោះរ៉ាំរ៉ៃគ្មានដំណោះស្រាយ។ និយាយជារួម សម រង្ស៊ី មិនដែល​ទទួ​ល​​ផល​ប្រយោជន៍អ្វីសោះពីព្រឹត្តិការណ៍ទាំងនោះ​ក្រៅពីកា​រ​ខកចិត្ត ទោះបីជាគាត់ខំហក់លោតតោងកន្ទុយក្បិន​គេឡើង​វិលក្បុងដូចស្វាលេងប៉ាហ៊ីក៏ដោយ។

ឥឡូវនេះ ពេលលឺថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្ម​អន្តរជាតិពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្នុងព្រឹត្តិការណ៍បង្ក្រាបគ្រឿងញៀនដែលធ្វើឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់នោះ អ្នកនយោបាយឱកាសនិយមរូបនេះ ក៏រត់ទៅតោង​ព្រឹត្តិការ​ណ៍​នោះជាថ្មីម្តងទៀត ដោយឥតអៀនខ្មាស និងដោយប្រើភាសា​ដែលគាត់ទន្ទេញចាំមាត់ដដែលៗថា រឿងបែបនេះនឹងកើត​ឡើង​ចំពោះសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា។

ប៉ុន្តែ បុគ្គលជ្រុលនិយមដែលខួរក្បាលដិត​ដាមដោយភាព​ខ្មៅងងឹត​​ឥតពន្លឺរូបនេះ ភ្លេចគិតថា សម្តេចតេជោ គឺជាមេដឹក​នាំដែលបានផ្លាស់ប្តូរជោគវាសនាកម្ពុជានិងពលរដ្ឋខ្មែរទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីជិតស្លាប់មកមានជីវិតឡើងវិញ ប្តូរពីអត់​បាយមកសម្បូរសប្បាយគ្មានខ្វះអ្វីឡើយ។ ប្តូរពីស្បែកដណ្តប់​ឆ្អឹង​មកមានព្រលឹងស្រស់ថ្លាគ្រប់គ្នា។ ប្តូរពីសង្គ្រាមមកសន្តិភាព ប្តូរពីមានផ្លូវអត់មនុស្សដើរ មកកកស្ទះចរាចរណ៍គ្រប់កន្លែង។ ប្តូរពីគំនរផេះផង់មកជាការអភិវឌ្ឍស្គុសស្គាយ។ អង្គការសហ​ប្រជាជាតិក៏ទើបតែអនុម័តឱ្យកម្ពុជាចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ ដូច្នេះ ពាក្យសម្តីរបស់លោក សម រង្ស៊ី គ្មានន័យអ្វីក្រៅពីបង្ហាញពីភាពល្ងឹត​ល្ងង់របស់ខ្លួន​នោះឡើយ។

ដោយសារតែភាពងងឹតងងុលជ្រុលនិយមនេះហើយទើបលោក សម រង្ស៊ី ក្លាយជាអ្នកនយោបាយដ៏មហាបរាជ័យម្នាក់​នៅ​កម្ពុជា។ នៅក្នុងឆាកនយោបាយជាតិ បុគ្គលរូបនេះកាន់តែឯកោ​អស់អ្នកគាំទ្រ ខណៈដែលនៅលើឆាកអន្តរជាតិ គ្មានមេដឹកនាំ​បរទេសណានិយាយពីឈ្មោះបុគ្គលនេះទៀតឡើយ។ នេះ​ហើ​យ​ដែលហៅថា អ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសារ​តែ​រត់តោងកន្ទុយក្បិនគេ ដោយសារគ្មានគំនិតខ្លួនឯងជាទីពឹង៕

ប្រភព ៖ ឯកឧត្តម ប៉ែន បូណា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner