កម្ពុជា-ចិន រួមគ្នាឈ្វេងយល់កាន់តែស៊ីជម្រៅពីប្រជាធិបតេយ្យតាមបែបផែនចិន
(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំបាឋកថាស្តីពី «កម្ពុជា-ចិន៖ ការភ្ជាប់បេះដូងតាមបណ្តោយផ្លូវសូត្រ» ឈ្វេងយល់ពីប្រជាធិបតេយ្យតាមបែបផែនចិន។
ជម្រាបជូនដល់អង្គពិធីដែលអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គពិធីទាំងមូល សរុបចំនួន ១០០នាក់ ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំលេចថា ការរៀបចំកម្មវិធីបាឋកថានេះក្នុងគោលបំណងរួមចំណែកសំខាន់៤គឺ ១-បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីមហាសន្និបាតសភាទាំង២នៃប្រទេសចិន ២-ពន្លាតការឈ្វេងយល់ពីទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ៣-ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និង៤-ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអង្គពាក់ព័ន្ធនានាស្តីពីអភិបាលកិច្ចប្រទេសចិន។
លោក Liu Zhanguo ប្រធានការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានគូសបញ្ជាក់ថា មហាសន្និបាតសភាទាំងពីរនៃប្រទសចិន ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។
លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានពោលថា នៅពេលដែលយើងពិភាក្សាអំពីស្ថានភាពប្រជាធិបតេយ្យរបស់ប្រទេសមួយ យើងត្រូវចាប់ផ្តើមពីស្ថានភាពជាក់ស្តែងរបស់ប្រទេស។ ប្រទេសនានាគួរតែគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក និងគោរពសិទ្ធិរបស់ប្រទេសនីមួយៗក្នុងការជ្រើសរើសដោយឯករាជ្យនូវផ្លូវឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ ក្នុងនាមជាមិត្តដ៏រឹងមាំរបស់កម្ពុជា និងជាសហគមន៍ដែលមានអនាគតរួមគ្នា ចិននឹងគាំទ្រប្រជាជនកម្ពុជាដោយឯករាជ្យក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងប្រឆាំងដាច់ខាតចំពោះប្រទេសណាដែលបំពានលើតម្លៃលទ្ធិប្រជាធិបតេយ្យ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសអធិបតេយ្យ ក្រោមលេសថាការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ញុះញង់ឱ្យមានការបែកបាក់គ្នា និងពិភពលោក។
ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានកត់សម្គាល់ពីស្ថានភាពជាក់ស្តែងនៅកម្ពុជានាសករាជតេជោ ដែលប្រជាជនកម្ពុជារស់នៅក្រោមម្លប់សន្តិភាព ដែលសន្តិភាពនេះហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់កម្ពុជា។
ឯកឧត្តមក៏បានរំលឹកឡើងវិញថា ឆ្នាំ២០២៤ ពេញ១ឆ្នាំនៃឆ្នាំទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ស្ថានទូតចិនប្រចាំកម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចជំរុញសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលបានផ្តល់នូវការអភិវឌ្ឍប្រកបដោយរលូននៃទំនាក់ទំនងទ្វេភាគី។ ហើយ កម្ពុជានិងចិន នៅតែបន្តជាមិត្តដែកថែប ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពវាងវៃនិងថាមពលខ្លាំងក្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំ ដោយបន្តមរតកពីថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសយើងទាំងពីរ។
ទាក់ទងនឹងទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសចិន ឯកឧត្តមយល់ឃើញថា វាជាទម្រង់មួយនៃលទ្ធិប្រជាធិបតេយ្យ ដែលប្រជាជនចិនយល់ថាជាដំណើរការពេញលេញរបស់ខ្លួន ហើយឯកឧត្តមបានវាយតម្លៃថា មហាសន្និបាតទាំង២របស់ប្រទេសចិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈរបស់ប្រជាជនចិនស្របតាមលក្ខខណ្ឌរបស់ប្រទេសចិន។
គួររំលឹកផងដែរក្នុងកម្មវិធីនេះ អង្គពិធីទាំងមូលបានទទួលនូវសៀវភៅជាខេមរភាសាស្តីពី«ប្រជាធិបតេយ្យតាមបែបផែនចិន» ដែលជាស្នាដៃនិពន្ធរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ហើយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹទ្ធសភាកាលពីឆ្នាំ២០២២កន្លងមក៕
ដោយ ង៉ាន់ ទិត្យ





