កិច្ចប្រជុំ ពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
កិច្ចប្រជុំនពដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានឯកភាពគ្នា ដោយឈរលើភាពត្រឹមត្រូវច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ឯកឧត្ដម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអរគុណ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានទទួលយកសំណើ ក្រសួងព័ត៌មាន ដើម្បីធ្វើការពិនិត្យលើមុខងារមួយចំនួនរបស់ក្រសួងកុំឱ្យមានការជាន់តួនាទីគ្នា ក្នុងក្របខណ្ឌ នៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការរៀបចំស្របតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាន បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងស្ថិតក្នុងប្រព័ន្ធ «ជវភាពនៃប្រព័ន្ធតូអង្គតែមួយ» ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបម្រើអោយគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយ។ ដូច្នេះការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ពន្ធ័អនុវត្តន៍ដោយក្រសួង ស្ថាប័នសាម៉ី ត្រូវផ្អែកលើគោលការណ៍ទូទៅដើម្បីធានាបាននូវការសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគាំទ្រចំពោះសំណើលើកឡើងរបស់ក្រសួងព័ត៌មាន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងរួមគ្នាក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មានបានល្អ។
ឆ្លងតាមរយៈកិច្ចប្រជុំរវាងរដ្ឋមន្ត្រីទាំងពីរក្រសួង បានសម្រេចឱ្យមន្ត្រីជំនាញបច្ចេកទេស នៃក្រសួងទាំងពីរបន្តធ្វើការរួមគ្នាកាន់តែល្អ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានាឱ្យទាន់ពេលវេលា ក្នុងន័យបម្រើផលប្រយោជន៍រួមរបស់ប្រទេសជាតិ ដែលពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍ វិស័យ ប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអរគុណដល់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដែលបានគាំទ្រដល់ក្រសួងព័ត៌មានក្នុងការសម្របសម្រួលជាមួយ ITU រៀបចំគោលនយោបាយជាតិស្តីពីការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូកទៅ ផ្សព្វផ្សាយឌីជីថល ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា









