សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះ បណ្តាលកូនៗដែលប្រើពេលជាង ៤០ឆ្នាំ ទើបទទួលផលដូចថ្ងៃនេះ
(ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលប្រើពេលជាង៤០ឆ្នាំ ទើបទទួលផលដូចថ្ងៃនេះ ។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកូនៗរបស់សម្តេច បន្តបណ្តុះបណ្តាលកូនចៅ តាមរបៀបដែលសម្តេច និងភរិយា បានអនុវត្តកន្លងមក។ សម្តេច បញ្ជាក់ថា សម្ដេចនៅតែរង់ចាំធ្វើជាថ្មសំលៀងសម្រាប់កូនៗ ទោះពួកគាត់ មានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបជាច្រើនសន្លឹកនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ទាក់ទងនឹងកម្រងអនុស្សាវរីយ៍កូនៗរបស់សម្តេច ដោយចាត់ទុកថា ជាពេជ្រកំពុងច្នៃ កែច្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែបទៀតថា ដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត ។
តាមរយៈរូបថតដែលបានបង្ហាញ សម្ដេចតេជោ អះអាងថា ជាភាពជោគជ័យនៃការបណ្តុះបណ្តាលកូនៗជាង៤០ឆ្នាំ។ ជាកូននាយករដ្ឋមន្ត្រី ប៉ុន្តែពួកគាត់មិនមានម៉ូតូ ឬឡានជិះឡើយ ដោយសារសម្តេចចង់ឱ្យពួកគាត់ស្គាល់ជីវភាពប្រជាជនធម្មតា ដូចសម្តេចកាលពីក្មេង។
កូនណាមួយមានកំហុស ត្រូវជាប់វិន័យអង្គុយអានសៀវភៅទាំងអស់គ្នា ជួយដាស់តឿនគ្នាជៀសវាងការជាប់វិន័យ។ នេះជាការរំលឹករបស់សម្តេច ហ៊ុន សែន នូវអ្វីដែលសម្តេចបានអប់រំកូនៗ។ ពេលទៅរៀននៅក្រៅប្រទេស សម្តេចលើកឡើងថា សម្តេចបានសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹក។ ពេលលោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី និងលោកស្រី ហ៊ុន ម៉ាលី រៀននៅបារាំង សម្តេចតម្រូវឱ្យប្រាប់ និងសុំការអនុញ្ញាតពីម្ចាស់ផ្ទះ (សុខហ៊ា) រាល់ពេលចេញពីផ្ទះ៥០០ម៉ែត្រ និងចាយលុយលើស ១០០ហ្វ្រង់។
ពេលលោកជំទាវ ហ៊ុន ម៉ាណា ឯកឧត្តម ហ៊ុន ម៉ានិត ឯកឧត្តម ហ៊ុន ម៉ានី លោកជំទាវ ហ៊ុន ម៉ាលី ទៅរៀននៅអាម៉េរិក លើកលែងសម្តេច ហ៊ុន ម៉ាណែត សម្តេច ក៏សរសេរវិន័យដូចគ្នាផងដែរ ដោយដើរឃ្លាតផ្ទះ៥០០ម៉ែត្រ និងចាយលើស ៥០ដុល្លារ ត្រូវសុំការអនុញ្ញាតពីអ៊ំរបស់ខ្លួន។
កំណត់ម៉ោងគេង បិទភ្លើង បិទម៉ាស៊ីនកំដៅ បិទម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង។ ទាំងនេះជាអ្វីដែលសម្តេច និងភរិយា បានណែនាំទៅកូនៗ។ បច្ចុប្បន្នទោះកូនៗមានគ្រួសារ និងចេញដឹកនាំប្រទេសក៏ដោយ ក៏សម្តេចនៅតែរង់ចាំធ្វើជាថ្មសំលៀងសម្រាប់កូនៗ។
សម្តេចតេជោ ចង់ឱ្យកូនៗ បន្តអប់រំកូនចៅតាមលំអានរបស់សម្តេច។ សម្តេចលើកឡើងថា៖ ចៅរបស់ពុកម៉ែ ជាចៅល្អហើយ តែត្រូវតែតាមតម្រង់ទិសពួកគេ តទៅទៀត ៕
ដោយ ៖ វណ្ណលុក

















