សំអាតសំរាមពីទឹកទន្លេជិត ៣ឆ្នាំមកនេះ បានជាង ២ពាន់តោន និងបឹងទន្លេសាបជាគោលដៅសម្អាតសំខាន់មុនគេ

(ភ្នំពេញ)៖ សំរាមរាប់ពាន់ម៉ឺនតោន ដែលបន្សល់ក្នុងទន្លេទាំងបីរបស់កម្ពុជាពោលគឺ ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ កំពុងត្រូវបានអង្គការរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន បានបង្ហាញការប្តេជ្ញាចិត្តជាថ្មី ក្នុងការសំអាតកាកសំណល់កខ្វក់ទាំងនេះចេញពីទន្លេ ដើម្បីបញ្ច្រៀសការបំពុល ប្រភពទឹកប្រើប្រាស់ ត្រី ក្នុងទឹកទន្លេ និងជីវចម្រុះផងដែរ ។

លោក នូ សុវណ្ណ នាយប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ បានប្រាប់ទូរទស្សអប្សរាឱ្យដឹងថា ក្នុងយុទ្ធនាការរយៈពេល ៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២២ ដល់ ២០២៨ ក្នុងយុទ្ធនាការនេះត្រូវបានគេរំពឹងថានឹង អាចប្រមូលកាកសំណល់សំរាមបានក្នុងចន្លោះពី ៥០០ ទៅ ៦០០តោន ពីព្រោះថាសំរាមក្នុងទឹកទន្លេពិបាកប្រមូលខ្លាំងណាស់ មិនដូចសំរាមលើគោកទេ ក្នុងនេះវាត្រូវការទាមទារទាំងសម្ភារៈនិងបច្ចេកទេសផង ។ ដោយឡែកសម្រាប់ក្នុងបេសកម្មដំបូងចាប់ពី ឆ្នាំ ២០២២មកដល់ដើមឆ្នាំ២០២៥នេះសំរាម ក្នុងទន្លេទាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងបណ្តាលខេត្តប្រមូលបានកាកសំណល់សំរាម សរុបជាង ២០០០តោន ក្នុងចំណោមនេះតាមតំបន់ ទន្លេសាប និងបឹងទន្លេសាបសម្អាតសរុបបានជាង ៨០០តោន ។

លោកបានប្រាប់ថា”ការសម្អាតសំរាមនៅបឹងទន្លេសាបយើងបានសហការជាមួយអាជ្ញាធរសង្កាត់ចុងឃ្នៀស ដែលជាតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាបបានកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដោយរួបរួមគ្នាប្រមូលសំរាមចេញពីបឹងទន្លេសាបរបស់យើង ។ ពេលនេះមានការចូលរួមពីសំណាក់ពលរដ្ឋយ៉ាងច្រើន ហើយបើយើងក្រឡេកមើលពីការទុកដាក់សំរាមរបស់ពួកគាត់ក៏ល្អប្រសើរច្រើនដែរ”។

លោកបានលើកឡើងថា”សំរាមដែលកប់ខាងក្រោមទឹកនោះវានឹងអណ្តែតឡើងមកខាងលើនៅពេលមានទឹករលក ហេតុនេះការសំអាតត្រូវប្រើរយៈពេលយូរ ហើយយ៉ាងហោចណាស់ត្រូវចំណាយពេលវេលាចាប់ពី៥ទៅ៦ឆ្នាំទើបសម្អាតអស់។វាក៏ទាមទារអថិវិការច្រើនទៀតណាស់ដើម្បីអភិវឌ្ឍន៍គម្រោងនេះទទួលជោគជ័យ”។

លោក នូ សុវណ្ណបានបញ្ជាក់បន្ថែមថា”បច្ចុប្បន្នយើងកំពុងសស្រាក់សស្រាំក្នុងការស្តាសំរាមដែលលិចក្នុងបាតទន្លេ។ក្នុងនេះយើងបានបង្កើតគម្រោងមួយដែលធ្វើការជាមួយអ្នកនេសាទទូទាំងប្រទេស។ឥឡូវយើងចាប់ផ្តើមប្រមូលទិន្នន័យ និងចាប់ផ្តើមធ្វើការជាមួយពួកគាត់បណ្តើរៗដែលមានន័យថានៅពេលពួកគាត់ដាក់មងឬបង់សំណាញ់ជាប់សំរាម គាត់ត្រូវយកមកច្រាំងដើម្បីប្រមូលទុកដាក់ និងញែកតាមប្រភេទ ហើយក្រុមការងាររបស់យើងនឹងនាំយកទៅកែច្នៃប្រើប្រាស់ឡើងវិញ”។

ដោយឡែក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ប្រាប់នាថ្មីៗនេះថា បេសកម្មសំអាតសំរាមនៅបឹងទន្លេសាបជារឿងមួយសំខាន់ចាំបាច់ ហើយក្រសួង និងភាគីពាក់ព័ន្ធនឹងអនុវត្តនៅថ្ងៃខាងមុខ ។ ពេលនេះក្រសួងបានធ្វើការទប់ស្កាត់មិនឱ្យមានសំរាមលើគោក ហើយសំខាន់មិនឱ្យសំរាមទាំងនេះហូរចូលក្នុងទឹកបឹងទន្លេសាបបន្តទៅទៀត។

គួរបញ្ជាក់ថាសំរាមដែលប្រមូលបានត្រូវបានយកទៅបំលែងជាថាមពលនៅរោងចក្រស៊ីម៉ង់ ដោយមិនបង្កការប៉ះពាល់ដល់ទឹក ខ្យល់ និងបរិយាកាសជុំវិញ។ កម្ពុជាមានកាកសំណល់រឹងដែលកើតចេញពីសកម្មភាពមនុស្ស និងអាជីវកម្មនានា ប្រមាណ ៤លានតោនក្នុងមួយឆ្នាំ ហើយក្នុងចំណោមនេះមានប្រមាណ២០ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកមកកែច្នៃឡើងវិញ ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក រិនរចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner