NASA និង SpaceX ពន្យារពេលបេសសកម្មទៅយកអវកាសយានិកជាប់គាំងនៅស្ថានីយ ISS

វ៉ាស៊ីនតោន ៖ បេសកកម្មរបស់អង្គការ NASA និង SpaceX ដែលមានគោលបំណងត្រួសត្រាយផ្លូវទៅនាំយកអវកាសយានិកចំនួនពីររូប ដែលជាប់គាំងនៅស្ថានីយអវកាសអន្តរជាតិ (ISS) ជាច្រើនខែ ត្រឡប់មកកាន់ផែនដីវិញ ត្រូវបានពន្យារពេលសិន។

គ្រាប់រ៉ុក្តែត Falcon 9 របស់ SpaceX នឹងត្រូវបញ្ជូនទៅកាន់ទីអវកាស ចេញពីមូលដ្ឋានបាញ់បង្ហោះ Cape Canaveral ក្នុងរដ្ឋផ្លរីដា តែត្រូវបានផ្អាកជាបណ្តោះអាសន្នសិន ដោយសារតែបញ្ហាបច្ចេកទេសត្រង់ប្រព័ន្ធអ៊ីដ្រូលីក ដែលក្រុមវិស្វករកំពុងព្យាយាមជួសជុល។ ប៉ុន្តែនៅតែមានឱកាសបាញ់បង្ហោះដែលអាចទៅរួចនៅថ្ងៃព្រហស្បតិ៍នេះ។

បើតាមផែនការគ្រោងទុក រ៉ុក្កែតនេះមានគោលបំណងបញ្ជូនអវកាសថ្មីចំនួន ៤រូបឡើងទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) និងត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់អវកាសយានិកនាង Suni Williams និងលោក Butch Wilmore ដែលជាប់គាំងនៅទីនោះអស់ជាច្រើនខែ។

អវកាសយានិកណាសាទាំងពីររូបនេះ បានឡើងទៅដល់ស្ថានីយ ISS តាំងតែពីខែមិថុនា ឆ្នាំ២០២៤មកម្ល៉េះ តាមរយៈយានអវកាស Starliner របស់ក្រុមហ៊ុន Boeing ហើយដំបូងឡើយ ពួកគេត្រូវស្នាក់នៅលើនោះ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាបានកើតឡើងពាក់ព័ន្ធប្រព័ន្ធហោះហើររបស់យាន Starliner ជាហេតុបង្ខំឱ្យ NASA ត្រូវធ្វើការផ្លាស់ប្តូរធំមួយ។

ក្រោយការធ្វើតេស្តជាច្រើនសប្តាហ៍លើយាន Starliner ទីភ្នាក់ងារអវកាស NASA បានសម្រេចចិត្តនាំយកវាត្រឡប់មកផែនដីវិញ ដោយមិនមានផ្ទុកលោក Wilmore និងនាង Williams ឡើយ ពោលគឺអវកាសយានិកទាំងពីររូបត្រូវរង់ចាំត្រឡប់មកវិញ ជាមួយសមាជិកនៃបេសកកម្ម Crew-9 របស់ក្រុមហ៊ុន SpaceX៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner