បទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី សម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមផ្លូវការ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៤មីនា បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញ នូវដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាន នូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគ នៅលើភ្នំឡើយ ។

អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ។

ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជា ការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាត នៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែល សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយ នូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សា នូវលក្ខណ:ធម្មជាតិ ដូចដែលកំពុងមានស្រាប់ និងជាភាពទាក់ទាញសម្រាប់ អ្នកទេសចរជាតិ និងអន្តរជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner