សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី​ព្រះរាជ​ពិធី​​ស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ និងប្រគេនសម្តេចសង្ឃ ៦ព្រះអង្គ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃនៃគណៈមហានិកាយ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅវត្តបទុមវតី រាជធានីភ្នំពេញ ។

សម្តេចសង្ឃទាំង ៦ព្រះអង្គ រួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត, សម្តេចព្រះសង្ឃនាយក អំ លីមហេង , សម្តេចព្រះសង្ឃនាយករងទី១ ណយ ច្រឹក, សម្ដេចព្រះសង្ឃនាយករងទី២ មួង រ៉ា, សម្ដេចព្រះសង្ឃនាយករងទី៣ ឃឹម សន និងសម្តេចព្រះអនុប្រធានថេរសភា ដូង ផង់ ។

មានប្រសាសន៍ក្នុងឱកាសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំពិធីនេះ បង្ហាញឱ្យឃើញពីសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលពលរដ្ឋកម្ពុជា បាន និងកំពុងរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាព ។

សម្តេចបវធិបតី បានបញ្ជាក់ថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និងម៉ឺងម៉ាត់ ។

សម្តេចបន្តថា នៅកម្ពុជា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និងការប្រណិប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។ ជាក់ស្ដែង កម្ពុជា មានសុខដុមរមនាសាសនា និងរក្សាបាននូវគុណតម្លៃ នៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដោយសង្កត់ធ្ងន់ថា ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជា មានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាសុខសន្តិភាពនេះ ក៏បានផ្តល់លទ្ធភាពឱ្យពុទ្ធបរិស័ទយើង ធ្វើបុណ្យសុន្ទរ៍ទាន តាមសេចក្តីប្រាថ្នា និងបើកឱកាស ឱ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។

ទន្ទឹមនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមទទូចឱ្យសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមលើការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ តាមរយៈ ការសម្តែងធម្មទេសនានៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដើម្បីជួយធ្វើឱ្យប្រជាជនមាននូវបញ្ញាស្មារតី ប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងជួយឱ្យ សង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌ ។

ជាមួយនេះ សម្តេចក៏បានស្នើឱ្យក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយគណៈសង្ឃ ទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនា នានា។ ក្នុងនោះ, ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាព ក្នុងការលើកកម្ពស់សាសនា របស់រដ្ឋ និងសីលធម៌សង្គម, ជាពិសេស ការផលិតវីឌីអូខ្លី ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ និងពិធីបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយ តាមបណ្តាស្ថានីយ៍ ទូរទស្សន៍ រដ្ឋ និងឯកជន បណ្តាញសង្គម និងផ្ទាំងប៉ាណូ តាមទីសាធារណៈ ។

សម្តេចបវរធិបតី ក៏បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គួរពិចារណា ក្នុងការដាក់បញ្ចូលកម្មវិធី ប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សា គ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាង- ឱ្យបានមូលធនមនុស្ស, មានទាំងសុខភាពផ្លូវកាយ, សុខភាពផ្លូវចិត្ត, បញ្ញាស្មារតី និងការទទួលខុសត្រូវ ក្នុងការរស់នៅក្នុងសង្គម និងត្រូវសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ក្នុងការរៀបចំបណ្តុះបណ្តាល តួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត, ជាពិសេសប្រព័ន្ធសង្ឃាភិបាល ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីតួនាទី និងភារកិច្ច ដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវអធិករណ៍តាមវត្តអារាម ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រសួងធម្មការ និងសាសនា បន្តសហការសាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយ សហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍។ ទន្ទឹមនេះ មន្ទីរធម្មការ និងសាសនាខេត្ត-ក្រុង ត្រូវបន្តរៀបចំ ដឹកនាំកិច្ចការសាសនាក្នុងសហគមន៍ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទាំងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner