សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បី​ធ្វើ​ទំនើប​កម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញឱ្យកសិករមាន​លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល

(ភ្នំពេញ)៖ កញ្ចប់វិនិយោគរបស់សហភាពអឺរ៉ុប ដែលក្នុងនេះ​រួមមាន ឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយ​បច្ចេក​ទេសរបស់សហភាពអឺរ៉ុប នឹងជួយពង្រឹងវិស័យ​កសិកម្ម​នៅ​កម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យខ្សែច្រវាក់តម្លៃ​ផលិត​ផលដែលបានជ្រើសរើស កាន់តែមានភាពប្រកួតប្រជែង និង​ជំរុញ​ដល់ការនាំចេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលបញ្ចេញដោយសហភាពអឺរ៉ុប បានឱ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះថា តាមរយៈទឹកប្រាក់វិនិយោគនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០០.០០០ នាក់ គ្រួសារមានដីធ្លីខ្នាតតូច​ចំនួន ២៥.០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង។

ជាមួយគ្នានេះកញ្ចប់វិនិយោគនេះត្រូវបានគេរំពឹងផងដែរថានឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនា​សម្ព័ន្ធ​​ការងារកសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាព​អនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់​ការ​សាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា ដើម្បីធ្វើឱ្យ​ប្រសើរ​ឡើងនូវការដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។

គួរបញ្ជាក់ថាមុននេះធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះនូវទឹកប្រាក់ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូរបស់សហភាពអឺរ៉ុប សម្រាប់​កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។

ដោយជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា កម្មវិធី ASPIRE-AT មានគោលដៅធ្វើទំនើបកម្មវិស័យកសិកម្ម លើក​កម្ពស់​សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ជំនួយនេះបំពេញបន្ថែមលើឥណទានចំនួន ៦០ លានអឺរ៉ូ ពី ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រ ចំនួន៤,៥ លានអឺរ៉ូទៀតពីសហភាពអឺរ៉ុប សម្រាប់ជំនួយ​បច្ចេក​ទេស ដែលនឹងត្រូវអនុវត្តដោយធនាគារវិនិយោគអឺរ៉ុប (EIB)។ ការផ្ដល់ជំនួយនេះ នាំឱ្យទឹកប្រាក់វិនិយោគសរុបដែលគាំទ្រ​ដោយ​សហភាពអឺរ៉ុបនៅក្នុងកម្មវិធីនេះកើនឡើងដល់ជិត ៨០ លានអឺរ៉ូ។

ការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុបនេះ នឹងជួយ​ដល់​ការ​ធ្វើទំនើបកម្មវិស័យកសិកម្មរបស់កម្ពុជា ផ្ដល់ជូនកសិករខ្នាតតូច កសិធុរកិច្ច និងក្រុមផលិត នូវឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញផលិតកម្ម ផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារថ្មីៗ និង​លើកកម្ពស់សុវត្ថិភាពចំណីអាហារ។ គម្រោងនេះនឹង​ផ្តល់​អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករខ្នាតតូចចំនួន ១០០.០០០ នាក់ និងគ្រួសារមានដីធ្លីខ្នាតតូចចំនួន ២៥.០០០ គ្រួសារ ដោយបង្កើតឱកាសរកចំណូលថ្មីៗ ជាពិសេសនៅតំបន់ជនបទ ដោយផ្តោតជាសំខាន់ទៅលើ​ការផ្តល់ភាពអង់អាចដល់ស្ត្រី បំផុសឱ្យមានការចូលរួមពីយុវជន ក៏ដូចជាផ្ដល់ការគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចផងដែរ។

ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “តាមរយៈកិច្ច​សហការគ្នា យើងកំពុងជួយវិស័យនេះឱ្យកាន់តែមាន​លក្ខណៈ​បរិយាបន្ន និងភាពធន់ ដោយផ្តល់អត្ថប្រយោជន៍​ដល់ប្រជាជន​កម្ពុជាទាំងអស់ និងជាពិសេសផ្ដល់អត្ថប្រយោជន៍ដល់​ពលរដ្ឋ​នៅតាមសហគមន៍ជនបទ”។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កិច្ចព្រមព្រៀងសម្រេចបាន នាពេលនេះ គឺជាសក្ខីភាពមួយ​ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារ វិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD ក៏ដូចជាបង្ហាញអំពីការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់​ដៃគូ​អភិវឌ្ឍន៍សំខាន់ៗ ស្របពេលដែលកម្ពុជាមានគោលបំណង​សម្រេចឱ្យបាននូវគោលដៅក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និងប្រទេសដែលមាន​ចំ​ណូល​ខ្ពស់នៅឆ្នាំ២០៥០។

លោក Frew Behabtu នាយកប្រចាំប្រទេស​នៃមូល​និធិ​អន្តរ​ជាតិ​សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំបកម្ពុជា បានលើក​ឡើងថា “ជំនួយឥតសំណងដ៏សំខាន់របស់សហភាពអឺរ៉ុប រួមជា​មួយនឹងឥណទានពីធនាគារ EIB និងសហហិរញ្ញប្បទានរបស់ IFAD គឺជាជំហានដ៏មានឥទ្ធិពលឆ្ពោះទៅរក​ការធ្វើបរិវត្តិកម្ម​វិស័យ​កសិកម្មរបស់កម្ពុជា។ព្រមជាមួយគ្នា​វាក៏បានចូលរួម​ពង្រឹង​សន្តិសុខស្បៀង និងផ្ដល់នូវសក្តានុពលនៃការនាំចេញ ដែលជំរុញដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner