មេដឹកនាំគណបក្សធម្មាធិបតេយ្យ៖ ទណ្ឌិត សម រង្ស៊ី ប្រៀបធៀបលោក រ៉ូឌ្រីហ្គូ ឌុយទើតេ ជាមួយសម្តេចតេជោ ហ៊ុន សែន គឺខុសទាំងស្រុងតែម្តង
ភ្នំពេញ៖ លោកជំទាវ ពោធិតីសាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ទណ្ឌិត សម រង្ស៊ី ជាមនុស្សតោងកន្ទុយក្បិនគេ ហើយបុគ្គលរូបនេះល្ងង់ខ្លៅគ្មានលេខដាក់។ ដោយសារគាត់ទៅប្រៀបធៀបអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ជាមួយសម្តេចតេជោ ហ៊ុន សែន គឺខុសទាំងស្រុងតែម្តង ពីព្រោះសម្តេចតេជោមិនដែលដឹកនាំបង្ក្រាបគ្រឿងញៀនសម្លាប់មនុស្ស ឬធ្វើអ្វីដែលខុសសីលធម៌នោះឡើយ។ ការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី គឺជារឿងប្រឌិតមកលើសម្តេចតេជោ។
លោកជំទាវ ពោធិតីសាវត្ថី បានបញ្ជាក់ថា “ខ្ញុំគិតថា បុគ្គលនេះគួរតែឱ្យច្បាប់ពិន័យគាត់ គឺច្បាប់អន្តរជាតិតែម្តង។ ខ្ញុំក៏សូមអំពាវនាវទៅដល់អន្តរជាតិផងដែរ។ គាត់ (សម រង្ស៊ី) លើកឡើងពីបាតុកម្មឆ្នាំ១៩៩៧ និងបាតុកម្មឆ្នាំ២០១៣។ ការពិតទៅអ្នកដែលបង្កើតបញ្ហា គឺ សម រង្ស៊ី តែម្តង គឺជាអ្នកបង្កើតបាតុកម្ម អ្នកបង្កើតហិង្សាទាំងឡាយ គឺផ្តើមចេញពីទណ្ឌិត សម រង្ស៊ី តែម្តង។ បើសិនជាកាត់ទោសតុលាការត្រឹមត្រូវយុត្តិធម៌ គឺត្រូវរកអ្នកបង្កាត់ភ្លើងដំបូងហ្នឹងហើយ”។
ប្រធានគណបក្សធម្មាធិបតេយ្យ បានបន្តទៀតថា ការដែលចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី មកលើសម្តេចតេជោ ហ៊ុន សែន គឺសុទ្ធតែរឿងមិនពិតទាំងអស់ កេងចំណេញនយោបាយដោយល្ងង់ខ្លៅ ញុះញង់ដើម្បីឱ្យប្រទេសកើតកលយុគ។ ទណ្ឌិត សម រង្ស៊ី បំផ្លាញជាតិទាំងស្រុងតែម្តង។ ជាមួយគ្នានេះ លោកជំទាវ ពោធិតីសាវត្ថី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅស្រុកកុំជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយម ហើយចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារសន្តិភាពឱ្យខានតែបាន៕
ដោយ៖ពលជ័យ