ភ្លើងឆេះយន្តហោះអាមេរិកដឹកមនុស្ស១៧០នាក់
បរទេស ៖ ផ្សែង និងអណ្តាតភ្លើង ត្រូវបានឃើញហុយចេញពីយន្តហោះដឹកមនុស្ស ជាង១៧០នាក់ មួយគ្រឿង នៅឯអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុង Denver នៃរដ្ឋ Colorado សហរដ្ឋអាមេរិក។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មួយនេះ បានឆាបឆេះ បន្ទាប់ពីចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ អ្នកដំណើរត្រូវបានជម្លៀសខ្លួនចេញ ដោយសុវត្ថិភាព។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីបុគ្គលិកបានរាយការណ៍ ពីការរំញ័រម៉ាស៊ីន ហើយបានរំកិលខ្លួន ទៅច្រកទ្វារចុះចត ស្រាប់តែ ម៉ាស៊ីននៅលើយន្តហោះ Boeing 737-800 មួយគ្រឿងនេះ បានឆាបឆេះតែម្តង។
មន្ត្រីអាកាសចរណ៍ បាននិយាយថា អ្នកដំណើរ១៧២នាក់ និងបុគ្គលិកបម្រើការ ៦នាក់ ត្រូវបាននាំ ទៅកាន់ស្ថានីយ ដោយគ្មានរងរបួស នោះទេ។ អ្នកនាំពាក្យអាកាសយានដ្ឋាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកពន្លត់អគ្គិភ័យបានទៅអន្តរាគមន៍ ពន្លត់យន្តហោះវិញ ខណៈដែលរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ហៅកាត់ FAA បាននិយាយថា ខ្លួននឹងស៊ើបអង្កេត រកមូលហេតុ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត