មន្រ្តីជាន់ខ្ពស់ ៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នឹងក្លាយជាសកម្មភាពជំរុញភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន

(ភ្នំពេញ)៖ «ផែនការសកម្មភាពជាយុទ្ធសាស្រ្តដើម្បី «ផ្លូវជាតិស្អាត គ្មនសំរាមប្លាស្ទិក» នឹងក្លាយជាសកម្មភាពជំរុញភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ ដែលធ្វើឱ្យកម្ពុជាសម្រច បាននូវភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃសុក្រទី១៤ ខែមីនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការកម្ពុជាស្អាត ក្រោមប្រធានបទ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នៅសាលាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម បានបន្ថែមថា សំណល់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថាន។

ឆ្លើយតបនឹងបញ្ហាប្រឈមនៃសំណល់ប្លាស្ទិក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយសសរស្តម្ភចំនួន ៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដែរជាការចូលរួមចំណែកក្នុងវិស័យបរិស្ថាន ក្នុងការលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិឱ្យកាន់តែរីកចំម្រើនជឿនលឿនឈានទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងជាប្រទេសមានចំណូលកម្រិតខ្ពស់។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅពេលនេះសាធារណជន បានបង្ហាញភាពស្អាតចេញពីចិត្ត ចូលរួមយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមចំនួន១០លាននាក់ យុទ្ធនាការ« កម្ពុជាស្អាត ខ្មែរធ្វើបាន» មានចំនួន ៥,៣លាននាក់ ហើយពេលនេះ«យុទ្ធនាការ ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» កំពុងជំរុញឱ្យប្រជាពលរដ្ឋចូលរួមសំអាតភូមិដ្ឋាន ផ្ទះ តាមទីសាធារណៈ ជាពិសេសតាមដងផ្លូវនានា ដោយប្រមូល ទុកដាក់សំរាម និងសំណល់ប្លាស្ទិក ដែលធ្វើឱ្យបរិស្ថានជុំវិញយើង រួមានបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក នឹងស្អាត។ ជាលទ្ធផលយើងនឹងទទួលបានសង្គមជាតិទាំងមូលស្អាតជាក់ជាមិនខាន។

លោក ប៉ែន សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងពីការប្តេជ្ញាចិត្តជំរុញការចូលរួមដើម្បីភាពស្អាតនៅតាមមូលដ្ឋាននៅក្នុងខេត្តត្បូងឃក្មុំ ជាពិសេសផ្លូវជាតិដែលឆ្លងកាត់ខេត្ត។

លោកអភិពាលរងខេត្តបានសង្កត់ធ្ងន់ថា យុទ្ធនាការរៀបចំឡើងនៅថ្ងៃនេះ គឺបានសំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាពនៅតាមទីប្រជុំជន និងនៅតាមផ្លូវជាតិ ដែលអាចទាក់ទាញការចាប់អារម្មចង់មកកម្សាន្ត និងវិនិយោគដែមទៀត។

សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានសហការជាមួយមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងនិងខេត្តមួយចំនួន ដើម្បីរៀបចំយុទ្ធនាការ«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» ដែលរួមចំណែកការពារ និងថែរក្សាគុណភាព បរិស្ថាន ភពផែនដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។ ឯកឧត្តម ឡេង ជីវិន អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការដែលបានធ្វើនៅស្រុកត្បូងឃ្មុំ មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃរដ្ឋបាលខេត្ត មន្ទីរនិងអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ និងវិស័យឯកជន នៅតាមបណ្តាឃុំទាំង១៤ទូទាំងស្រុកត្បូងឃ្នុំ អ្នកចូលរួមសរុប ៤ ៤៥៤នាក់ ក្នុងនោះរួមមាន៖ ឃុំជប់ ចំនួន៥០០នាក់ ឃុំមង់រៀវចំនួន១៥៥នាក់ ,ឃុំជីរោទ៍ទី១ ចំនួន៥០៤នាក់ ,ឃុំជីរោទ៍ទី២ ចំនួន៤១៩នាក់ ,ឃុំល្ងៀងចំនួន៦៥នាក់ ,ឃុំរកាពប្រាំ ចំនួន៤២៦នាក់ ,ឃុំជីគរ ចំនួន៤៣២នាក់ ,ឃុំពាមជីលាំង ចំនួន ៤៧២នាក់ ,ឃុំអញ្ចើមចំនួន១៦៤នាក់ ,ឃុំគរ ចំនួន ២០៥នាក់ ,ឃុំស្រឡប់ចំនួន២៣៥នាក់ ,ឃុំថ្មពេជ្រ ចំនួន ២៥៧នាក ,ឃុំបឹងព្រួល ចំនួន ១៩៦នាក់ ,ឃុំទន្លេបិទ ចំនួន ៤៣៤នាក់ ដោយបានប្រារព្ធរៀបចំពិធីដំណាលពេលជាមួយគ្នាន ចេញរើសសំរាមព្រមគ្នានៅតាមមូលដ្ឋាន និងតាមផ្លូវជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការប្តេជ្ញាចិត្តចូលរួមជំរុញឱ្យកម្ពុជាស្អាត នៅក្នុងពេលខាងមុខ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner