ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គិតមកត្រឹម ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីរាជការជាស្ត្រី មានចំនួនជាង ៩ម៉ឺន៦ពាន់នាក់ ស្មើជាង ៤១,៨០%
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៥ មន្ត្រីរាជការជាស្ត្រី នៅតាមក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួនជាង៩ម៉ឺន៦ពាន់នាក់ ស្មើជាង ៤១,៨០% ក្នុងចំណោមមន្ត្រីរាជការទូទាំងប្រទេសចំនួនជាង ២៣ម៉ឺននាក់ ។

ឯកឧត្តម បន្ថែមថា រាជអាណត្តិទី៧នៃរដ្ឋសភានេះ មានស្ត្រីជាថ្នាក់ដឹកនាំកំពូលៗរួមមាន៖ប្រធានរដ្ឋសភាជាស្ត្រី និងរដ្ឋមន្ត្រីជាស្ត្រីចំនួន៣រូប ព្រមទាំងថ្នាក់ដឹកនាំជាស្ត្រីធ្វើជាអភិបាល ខេត្ត អភិបាលបាលក្រុង ស្រុក ខណ្ឌ មេ ឃុំ-ចៅសង្កាត់ ជាច្រើនរូប។
ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិស្ត្រីរួមទាំងកម្មវិធីគាំពារសង្គម និងការផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃ ពោះនិងកុមារក្រោម ២ឆ្នាំ ។ ការផ្តល់ប្រាក់ឧបត្ថម្ភនៅពេលទៅពិនិត្យផ្ទៃពោះនៅមុនពេលសម្រាល និងនៅពេលសម្រាលនៅក្នុងមូលដ្ឋានសុខាភិបាលគាំ ពារសុខភាពក្រោយពេលសម្រាលនោះយកកូនទៅចាក់ថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋប៉ុន្មានឆ្នាំកន្លងមកនេះ បេក្ខនារីមានចំនួនកើនឡើង។ ក្នុងឆ្នាំ២០២៤ ក្នុងចំណោមបេក្ខជនដាក់ ពាក្យប្រឡងជាង ១១ម៉ឺននាក់មានស្ត្រីរហូត ដល់ ៦០%បានប្រឡងជាប់ជាស្ថាពរជិត ៥៩%។ កំណើននៃការកើនឡើងនៃការចូលរួមប្រ ឡងរបស់ស្ត្រីដោយសារមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារបានបង្កលក្ខណៈអំណោយផលដល់សិស្សនិងនិស្សិតជាស្ត្រីដែលមានសមត្ថភាព មាន ឱកាសប្រកួតប្រជែងស្មើគ្នាជាមួយបុរសដើម្បីទទួលបានក្របខ័ណ្ឌជាមន្ត្រីរាជការ ។

សូមជម្រាបដែរថា ក្រសួងមុខងារសាធារណៈ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងគ្រប់គ្រងអាជីពមន្ត្រីរាជការស៊ីវិលទាំងនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយតែងតែផ្តល់អាទិភាព និងលើកទឹកចិត្តដល់មន្រ្តីរាជការស៊ីវិលជាស្រ្តី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
