ស៊ីរីសម្រេចឲ្យក្រុមអ៊ីស្លាមនិយមគ្រប់គ្រង៥ឆ្នាំ
បរទេស៖ ប្រធានាធិបតីបណ្តោះអាសន្ន របស់ប្រទេសស៊ីរី បានចុះហត្ថលេខា លើរដ្ឋធម្មនុញ្ញបណ្តោះអាសន្ន តម្រូវឲ្យប្រទេសនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមអ៊ីស្លាមនិយម រយៈពេល៥ឆ្នាំ។
បើតាមទីភ្នាក់ងារព័ត៌មាន AP បានចេញផ្សាយថា អ្នកគ្រប់គ្រងបណ្តោះអាសន្ន ដែលជាអតីតមេដឹកនាំក្រុមបះបោរ ទម្លាក់លោក Assad គឺ លោក Ahmad al-Sharaa បានដឹកនាំកិច្ចប្រជុំ សម្រេចលុបចោលរដ្ឋធម្មនុញ្ញចាស់ ហើយ ច្បាប់ថ្មី នឹងត្រូវព្រាងឡើង។
ប្រជាជនស៊ីរីល បើទោះបីជាសប្បាយចិត្តនឹងឃើញការបញ្ចប់របបគ្រប់គ្រង របស់គ្រួសារ Assad ជាង៥០ឆ្នាំ ក៏ដោយ ក៏ពួកគេនៅមានការសង្ស័យ ចំពោះមេដឹកនាំអ៊ីស្លាមនិយមថ្មី ហើយស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យប្រទេសស៊ីរី នៅក្រោមអាជ្ញាធរថ្មី។
ប៉ុន្តែក្រុមរបស់លោក al-Sharaa បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងរក្សាទុក នូវបទប្បញ្ញត្តិមួយចំនួនដដែល រួមទាំង ការចែងថា ប្រមុខរដ្ឋត្រូវតែជាមូស្លីម ហើយច្បាប់អ៊ីស្លាម គឺជាប្រភពសំខាន់។
ការសម្រេចនេះ ត្រូវបានធ្វើឡើង ក្រោយពេលជាង១សប្តាហ៍ ដែលមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងរដ្ឋាភិបាល ជាមួយក្រុមស្មោះត្រង់នឹងលោក Assad អតីតប្រធានាធីបតីស៊ីរី បណ្តាលឲ្យស្លាប់មនុស្ស រាប់រយនាក់ នេះបើតាមតួលេខពី ក្រុមសិទ្ធិមនុស្ស៕
ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត