Trump ចាត់ទុកសារព័ត៌មានរិះគន់លោក ថាជាស្ថាប័ន «ខុសច្បាប់»
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយ នៅក្រសួងយុត្តិធម៌ កាលពីថ្ងៃសុក្រថា ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ដែលសរសេររិះគន់លើរូបលោក គឺជាស្ថាប័នខុសច្បាប់ និងពុករលួយ។
លោក Trump បាននិយាយថា «CNN, MSNBC និងកាសែត ដែលមិនស្គាល់អត្តសញ្ញាណផ្សេងៗទៀត ចុះផ្សាយ ៩៧.៦% តែរឿងអាក្រក់អំពីខ្ញុំ ហើយ វាត្រូវតែបញ្ឈប់ វាត្រូវតែខុសច្បាប់»។
ថ្លែងទៅកាន់រដ្ឋអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ នៅទីស្នាក់ការកណ្តាល នៃក្រសួងយុត្តិធម៌ នាពេលនោះ លោក Trump បានពណ៌នាប្រព័ន្ធផ្សព្វផ្សាយទាំងនោះថា ជា «អាវុធនយោបាយរបស់គណបក្សប្រជាធិបតេយ្យ តាមគំនិតរបស់ខ្ញុំ ពួកគេពិតជាពុករលួយ»។
យ៉ាងណាមិញ កាលពីអាណត្តិដំបូង លោក Trump ក៏ធ្លាប់ធ្វើការវាយប្រហារ លើប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក ផងដែរ។ លោក Trump តែងតែហៅអ្នកកាសែតប្រឆាំងថា ជាសត្រូវរបស់ប្រជាជន និងជាក្រុមព័ត៌មានក្លែងក្លាយ។
ចាប់តាំងពីចាប់ផ្តើមអាណត្តិ ទីពីរ ក្នុងខែមករាមក លោក Trump បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីដាក់សម្ពាធ លើប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចជា AP ជាដើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត