ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ មនសិការពលរដ្ឋល្អ មានឆន្ទៈស្មារតី មនសិការវិជ្ជាជីវៈ របស់ខ្លួន ស្គាល់ពីទឹកដីអ្វីដែលខ្លួនបានធ្វើ និងត្រូវធ្វើអោយអស់ពីសមត្ថភាព

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងអំពី មនសិការពលរដ្ឋល្អ ដែលក្នុងនោះត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងមានឆន្ទៈស្មារតីមនសិការវិជ្ជាជីវៈរបស់ខ្លួន ត្រូវស្គាល់ពីទឹកដីរបស់ខ្លួន ដឹងពីអ្វីដែលខ្លួនបានធ្វើនិងត្រូវធ្វើអោយអស់ពីសមត្ថភាព ។

នេះជាប្រសាសន៍ថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកម្មវិធីទស្សនកិច្ចសិក្សា និង ជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃកម្មវិធីមនសិការពលរដ្ឋល្អ រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញពីក្តីសោមនស្សរីករាយដែលសិស្សានុសិស្សនៃកម្មវិធីមនសិការពលរដ្ឋល្អរាជធានីភ្នំពេញ បានមកធ្វើទស្សនកិច្ចនៅបរិវេណទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្វែងយល់និងដកស្រង់បទពិសោធន៍ ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីរួមគ្នាប្រែក្លាយប្រទេសកម្ពុជាឱ្យឆ្ពោះទៅមុខបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នោះយើងទាំងអស់គ្នាត្រូវបង្កើនសមត្ថភាព ចំណេះដឹង ភាពវាងវៃរបស់ពលរដ្ឋម្នាក់ៗ ដែលជាធនធានមិនអាចខ្វះបាន ពីព្រោះកម្ពុជាត្រូវការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោកនាពេលអនាគត ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ទុកគ្រូថាជាដៃគូពេញមួយជីវិតក្នុងការតម្រង់ទិសរបស់សិស្សនិស្សិត អោយក្លាយជាធនធានប្រកបដោយគុណភាព ក្លាយជាពលរដ្ឋល្អសំរាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner