កម្ពុជា-អូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការរយៈពេល​វែង​ក្នុងការ​​បណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពីកម្លាំង​ពលកម្មជំនាញដែលទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាត្រូវការ ដូចជាក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម និងវិស័យឧស្សា​ហកម្ម ជាដើម។ ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រី មើលឃើញថា នេះជាឱកាសដ៏ល្អក្នុងការបង្កើតភាពជាដៃគូ និងការជំរុញកិច្ច​សហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល នៃប្រទេសអូស្ត្រាលី និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់ប្រទេសកម្ពុជា ។

ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលីដឹកនាំដោយលោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកនូវការអនុវត្តជាគន្លឹះ ក្នុងការ អភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជា ស្របតាមទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ស្តង់ដាអប់រំបណ្តុះបណ្តាលរបស់ ប្រទេស អូស្ត្រាលីនឹងចូលរួមចំណែកយ៉ាងសំខាន់តាម រយៈកិច្ច សហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់ប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធាន​មនុស្សលើជំនាញបច្ចេកទេស និងជំនាញនានាប្រកបដោយ​គុណ​ភាព​។

លោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) រួមនិងគណៈប្រតិភូដែលជាតំណាងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានាក្នុងប្រទេសអូស្ត្រាលី បានបង្ហាញការគាំទ្រ ចំពោះ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសង្ឃឹមថាតាមរយៈ ការជួយសម្របសម្រួលពីក្រសួង ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថាន អប់រំ បណ្តុះបណ្តាលនៃប្រទេសអូស្ត្រាលី ជាមួយគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេស(TVET) របស់កម្ពុជាឱ្យកាន់តែប្រសើរ ថែមទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner