គ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល រៀបចំពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និងនិស្សិតចំនួន ៣ពាន់ ៣៥២នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ គរុនិស្សិត និងនិស្សិតចំនួន ៣ពាន់ ៣៥២នាក់ ត្រូវបានប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមួយដែលអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។ ពិធីប្រកាស បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅវិមាន មករា ក្រោមការរៀបចំដោយផ្នែកគ្រឹះស្ថានសិក្សានៃយុវជនគណបក្សថ្នាក់កណ្តាល ។ អញ្ជើញចូលរួលក្នុងពិធីនោះដែររួមមាន៖ ឯកឧត្តម សោម សឿន សមាជិក សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការបក្សក្រសួងអប់រំ យុវជន និងកីឡា រួមទាំងឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្ស តំណាងស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការបក្ស និងសាខាបក្សមូលដ្ឋានជាច្រើននាក់ផងដែរ ។

យោងតាមរបាយការណ៍របស់លោក ហេង ណន ប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គរុនិស្សិត និងនិស្សិតចំនួន ៣ពាន់ ៣៥២នាក់ ដែលបានស្ម័គ្រចិត្ត និងស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាសិស្សនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២២ ក្នុងរាជធានីភ្នំពេញ ។ គិតទាំងលើកនេះ ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសាស្រ្តាចារ្យ បុគ្គលិកអប់រំ គរុនិសិ្សត និងនិសិ្សតឲ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានរៀបចំឡើងចំនួន ៤លើកហើយ គិតចាប់តាំងពីឆ្នាំ២០២២មក ដែលសរុបសមាជិកទាំងអស់មានចំនួន ១ម៉ឺន ២ពាន់ ៦០៦នាក់ ។

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងសុន្ទរកថា នាឱកាសនោះបានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយរឹងមាំមួយដែលមានមូលដ្ឋានចេញពីស្មារតីរួបរួមសាមគ្គី ពិសេសតម្កល់ប្រយោជន៍ជាតិជាអាទិភាព គិតចាប់ពីថ្ងៃបដិសន្ឋិ ២៨ មិថុនា ១៩៥១ ។ ផ្តើមចេញពីការខិតខំតស៊ូគ្រប់បែបយ៉ាង គិតចាប់ពីការកកើត ឆ្លងកាត់រយលានឧបសគ្គ បញ្ហា ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា គឺមិនទៅណាចោលប្រជាជនកម្ពុជាជាដាច់ខាត ដោយសុខចិត្តនៅខាំស្មៅ ក្រាញននៀល និងរួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រមទាំងសមាជិក សមាជិកា បានប្តូរផ្តាច់យកជីវិតជាដើមទុនក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា ពីមាត់ជ្រោះមរណៈ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរបបនេះបានបង្ខំឱ្យពលរដ្ឋធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបង្កការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដោយគ្មានត្រាប្រណី។

តំណាងយុវជនគណបក្សប្រជាជនកម្ពុជា គឺកញ្ញា សាន រ៉ូស៊ីកា ក្នុងឱកាសនោះ បានឡើងថ្លែងការប្តេជ្ញាចិត្ត ដោយចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គមដែលកម្ពុជាកំពុងមាន ឱ្យបានស្ថិតស្ថេរជានិច្ចនិរន្ត និងថែរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព តាមទិសស្លោក “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ហេង សម្បិត្តិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner