អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ឆ្នាំ២០២៤ បទល្មើសលួចដែលមានស្ថានទម្ងន់ទោស ហក់មកលំដាប់ទី១ និងបទល្មើសគ្រឿងញៀនធ្លាក់ទៅលេខ៣
(ភ្នំពេញ)៖ ក្នុងចំណោមបទល្មើសទាំង៣គឺបទល្មើស លួចដែលមានស្ថានទម្ងន់ទោស បទល្មើសសេពសន្ថវៈ និងបទល្មើសគ្រឿងញៀនឃើញថាបទល្មើសដែលធ្លាប់ស្ថិតនៅលំដាប់ទី១ពោលគឺគ្រឿងញៀន ក្នុងឆ្នាំ២០២៣ បានធ្លាក់មកលំដាប់ទី៣វិញ ឯបទល្មើសលួចដែលមានស្ថានទម្ងន់ទោស បានហក់មកលំដាប់ទី១ ក្នុងឆ្នាំ២០២៤កន្លងមក។នេះបើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
ថ្លែងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថាតុលាការគ្រប់ជាន់ថ្នាក់ ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ក្នុងនេះរាប់ទាំងសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្ត សាលាឧទ្ធរណ៍ទាំងភ្នំពេញ និងតំបន់ រាប់ទាំងតុលាការកំពូល គ្រប់ជាន់ថ្នាក់ទាំងអស់នេះគឺបានចាត់ការសំណុំរឿងទាំងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណី សំណុំរឿងចាស់ សំណុំរឿងថ្មី គិតជាសរុបបានរហូតទៅដល់ជិត១៩ម៉ឺនសំណុំរឿង ស្មើនឹងជាង៨២ភាគរយ នៃសំណុំរឿងទាំងអស់ទូទាំងប្រទេសដែលមានសរុបជិត២៣សំណុំរឿង។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា ”ពាក់ព័ន្ធសំណុំរឿងក្នុងឆ្នាំ២០២៤កន្លងមកនេះបើគិតទៅលើរឿងព្រហ្មទណ្ឌទាំងអស់គឺមានជាង១១ម៉ឺនសំណុំរឿង ហើយបើគិតទៅលើប្រភេទបទល្មើសបទមជ្ឈឹម មានអត្រាខ្ពស់ជាងគេ រហូតទៅដល់ ៨៤ភាគរយ បទឧក្រិដ្ឋស្ថិតនៅក្នុងលំដាប់ ទី២ គឺ ១៥ភាគរយ ហើយបទល្មើស លហុ ២ភាគរយ ។ នេះបើគិតទៅតាមប្រភេទនៃបទល្មើស“។
មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងឱ្យដឹងបន្ថែមថាសម្រាប់ក្នុងចំណោមនេះបទល្មើសឧក្រិដ្ឋស្ថានទម្ងន់ដែលចូលក្នុងតំណាក់កាលអយ្យការក្នុងឆ្នាំ២០២៤ ឃើញថាបទល្មើសដែលមានច្រើនជាងគេគឺបទល្មើស”លួចដែលមានស្ថានទម្ងន់ទោស”៩៩៧ករណី។ក្នុងលំដាប់ទី២គឺបទល្មើសសេពសន្ថវៈមាន៥២៩ករណី និងទី៣គឺបទល្មើសគ្រឿងញៀន។
ឯកឧត្តម សេង ឌីណា បានថ្លែងឱ្យដឹងដែរថាបើធ្វើការប្រៀបធៀបបទល្មើសទាំងនេះមានការខុសគ្នាច្រើនដោយក្នុងនេះឆ្នាំ២០២៣កន្លងមកបទល្មើសគ្រឿងញៀនស្ថិតនៅក្នុងលំដាប់ទី១ច្រើនជាងគេ,បទល្មើសសេពសន្ថវៈក៏ស្ថិតនៅក្នុងលំដាប់ទី២ដែរ ពោលគឺឥតមានអ្វីប្រែប្រួលទេ ប៉ុន្តែចំណែកបទល្មើសលួចមានស្ថានទម្ងន់ទោសវិញកាលពីឆ្នាំ២០២៣ស្ថិតក្នុងលំដាប់ទី៣ តែឆ្នាំ២០២៥ឡើងមកលំដាប់ទី១។
មន្រ្តីអ្នកនាំពាក្យរូបនេះបានឱ្យដឹងបន្ថែមថាបទល្មើសគ្រឿងញៀនស្ថិតក្នុងដំណាក់កាលអយ្យការយើងឃើញក្នុងឆ្នាំ២០២៤បទល្មើសឧក្រិដ្ឋទាក់ទងគ្រឿងញៀនមានការធ្លាក់ចុះរហូតដល់ទៅជាងពាក់កណ្តាល បើប្រៀបធៀបឆ្នាំ២០២៣កន្លងទៅ។បើនិយាយពីបទល្មើសឧក្រិដ្ឋ តែបើនិយាមពីបទល្មើសមជ្ឈឹមវិញ រវាងឆ្នាំ២០២៤ និង២០២៣គឺពុំសូមានការខុសគ្នាប៉ុន្មានទេ ពោលពីចំនួនសំណុំរឿងមានការកើនឡើងតែចំណាត់ថ្នាក់គឺនៅតែដដែល។បទល្មើសមជ្ឈឹមទាក់ទងនឹងគ្រឿងញៀន ឃើញមានចំនួនច្រើនជាងគេ, លំដាប់ទី២គឺបទល្មើសលួច និងទី៣គឺរំលោភលើទំនុកចិត្ត។
ទាក់ទិននឹងរឿងសំណុំរឿងចរាចរណ៍វិញត្រូវបានឯកឧត្តម សេង ឌីណា ឱ្យដឹងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាតិទូទាំងប្រទេសមានចំនួន១០៨៣ករណី ហើយក្នុងចំណោមនោះច្រើនជាងគេស្ថិតនៅលើដងផ្លូវជាតិលេខ៥។លំដាប់ទី២ផ្លូវជាតិលេខ៦ និងទី៣គឺគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិលេខ៤។
គួរបញ្ជាក់ថាក្រសួងយុត្តិធម៌ បានដាក់ចេញយុទ្ធនាការចំនួន២ គឺការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ហើយក្រសួងមួយនេះបានបង្ហាញពីការខិតខំព្យាយាម និងភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការទាំង២នេះផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ

