ព្យុះដ៏ធំផ្តាច់ជីវិតអាមេរិកជិត២០នាក់ភ្លាមៗ


បរទេស ៖ ព្យុះដ៏ធំមួយ នៅភាគកណ្តាល សហរដ្ឋអាមេរិក ត្រឹមប៉ុន្មានម៉ោង កាលពីថ្ងៃសៅរ៍ បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់ ១៨នាក់បានស្លាប់ និង រងរបួស រាប់សិបនាក់ទៀត។

ក្រុមមន្ត្រីបាននិយាយថា ព្យុះកំបុតត្បូង បានធ្វើឲ្យដំបូលផ្ទះរបើកចេញ, រថយន្តដឹកទំនិញធំៗ បានក្រឡាប់ ខណៈដែលអ្នកព្យាករណ៍បានព្រមានថា នឹងមានខ្យល់ព្យុះកំបុតត្បូង បន្ថែមទៀត នៅថ្ងៃអាទិត្យនេះ។

អាជ្ញាធរក្នុងតំបន់ កំពុងប្រឹងប្រែងញាប់ដៃ ញាប់ជើង ជួយអ្នកដែលត្រូវការជំនួយ និង វាយតម្លៃការខូចខាត។ ប៉ូលីសបានរាយការណ៍ថា មានការដួលរលំដើមឈើ និង ដាច់ខ្សែបណ្តាញអគ្គិសនី ក៏ដូចជា ការខូចខាត ដល់អគារលំនៅដ្ឋាន ពាណិជ្ជកម្ម ដោយតំបន់ខ្លះ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាមួយនឹងផ្គរលាន់ និងភ្លៀងធ្លាក់ខ្លាំង។

ប៉ូលីសបាននិយាយថា គ្រាន់តែតំបន់ Wayne នៃរដ្ឋ Missouri មានអ្នកស្លាប់៦នាក់, ភាគខាងត្បូងនៃរដ្ឋតិចសាស់វិញ អាជ្ញាធរថា មានស្លាប់មនុស្ស ៤នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលទាក់ទងនឹងព្យុះ ធូលី ដែលកាត់បន្ថយការមើលឃើញ នៅតាមផ្លូវ។ ក្រៅពីនេះ មានស្លាប់នៅរដ្ឋ មួយចំនួនទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner