អង់គ្លេសថា ពូទីន នឹងចូលតុចរចា ឆាប់ៗនេះ
បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃសៅរ៍ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Putin នឹងមកចូលតុចរចា ក្នុងពេលឆាប់ៗនេះ។ ជាការលើកឡើង ក្នុងពេលដែលលោកបានបើកការជួបជុំ និម្មិតមួយ ដើម្បីបង្ហាញពីការគាំទ្រ សម្រាប់អ៊ុយក្រែន។
លោក Keir Starmer និយាយថា «អារម្មណ៍របស់ខ្ញុំ គឺថា មិនយូរមិនឆាប់ គាត់នឹងត្រូវមកតុចរចា ហើយចូលរួមក្នុងការពិភាក្សា ដ៏ជាក់លាក់»។ លោក Starmer បានប្រាប់សម្ព័ន្ធមិត្ត២៥ប្រទេសថា ត្រូវរក្សាសម្ពាធលើរុស្ស៊ី ក្នុងពេលដ៏សំខាន់នេះ។
លោកអំពាវនាវមេដឹកនាំទាំងនោះ ចុះហត្ថលេខាលើក្រុមចម្រុះដែលមានឆន្ទៈការពារបទឈប់បាញ់ ជាយថាហេតុណាមួយ នៅអ៊ុយក្រែន។
លោក Starmer អះអាងថា អ៊ុយក្រែនបង្ហាញពីឆន្ទៈសន្តិភាព ព្រោះបានយល់ព្រម លើបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ។ តែ លោក ពូទីន គឺជាអ្នកដែលព្យាយាមពន្យារពេល។
«ប្រសិនបើលោក ពូទីន យកចិត្តទុកដាក់ចំពោះសន្តិភាព ខ្ញុំគិតថា វាសាមញ្ញណាស់ គាត់ត្រូវតែបញ្ឈប់ការវាយប្រហារដ៏ព្រៃផ្សៃ របស់គាត់ លើអ៊ុយក្រែន ហើយយល់ព្រមលើបទឈប់បាញ់ …ពិភពលោកកំពុងមើល»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត