គ្រាប់បែកទម្លាក់លើភូមិមីយ៉ាន់ម៉ា ស្លាប់មនុស្ស១២នាក់

បរទេស ៖ មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយគ្រាប់បែក ទម្លាក់ពីលើអាកាស ធ្លាក់ចំតំបន់របស់អ្នកភូមិ ក្នុងប្រទេសមីយ៉ាន់ម៉ា សម្លាប់មនុស្ស យ៉ាងហោចណាស់ ១២នាក់។

ការវាយប្រហារនេះ បានកើតឡើង កាលពីថ្ងៃសុក្រ ហើយក្រៅពីការស្លាប់មនុស្ស ជាង១០នាក់ ក៏មានការបំផ្លាញផ្ទះសម្បែង និងអគារមួយចំនួន ផងដែរ។ ប្រភពព័ត៌មានខ្លះថា មនុស្សស្លាប់ អាចមានដល់២៧នាក់។

ភូមិ Letpanhla ដែលរងការវាយប្រហារ ត្រូវបានកាន់កាប់ ដោយក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារ ឬ ប្រឆាំងនឹង រដ្ឋាភិបាលយោធា។ ភូមិនេះ មានទីតាំង ស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងធំបំផុត លំដាប់ទីពីរ របស់ប្រទេស គឺទីក្រុង Mandalay។

មន្ត្រីរដ្ឋបាល ក្នុងតំបន់ម្នាក់ បានប្រាប់ AFP ថា «មនុស្សជាច្រើន ត្រូវបានសម្លាប់ ដោយសារការទម្លាក់គ្រាប់បែក លើតំបន់ដែលមានមនុស្សច្រើន»។ ប្រភពបន្តថា «ការវាយប្រហារ បានកើតឡើង នៅពេលមនុស្សម្នា នាំគ្នាទៅផ្សារ»។

ពេលនេះ មីយ៉ាន់ម៉ា ត្រូវបានគ្រប់គ្រងដោយកម្លាំងយោធាយោធាផង, ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងបក្សពួកប្រឆាំងរដ្ឋប្រហារផង។

យោងតាមអង្គការមិនរកប្រាក់ចំណេញ ហៅកាត់ ACLED បានឱ្យដឹងថា ចំនួននៃការវាយប្រហារ តាមផ្លូវអាកាសរបស់យោធា ទៅលើជនស៊ីវិល បានកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner