យុវជនគណបក្សប្រជាជនកម្ពុជា សូមកុំភ្លេចអតីតកាល និងប្រវត្តិសាស្រ្តដ៏ជូចត់របស់យើង
ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជា ដែលជាគរុនិស្សិត និស្សិតជាសមាជិកសមាជិកាថ្មី នៃគណបក្សប្រជាជនកម្ពុជា ត្រូវចង់ចាំថា ប្រទេសជាតិអាចរីកចម្រើន និងទទួលបានសុខសន្តិភាពដូចបច្ចុប្បន្ននេះ គឺយើងបានឆ្លងកាត់រឿងដ៏ជូចត់ច្រើនណាស់ និងមានការបូជាអាយុជីវិតពីវិរៈជនស្នេហាជាតិជាច្រើន ហើយក្នុងនោះ គឺការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសកម្ពុជា ងើបស្នើមុខស្នើមាត់ជាមួយប្រទេសនានាក្នុងតំបន់អាស៊ាន និងលើឆាកអន្តរជាតិ ។ការរំលឹកបែបនេះ មិនមែនឱ្យប្អូនៗរស់នៅក្នុងអតីតកាលនោះទេ តែវាជាប្រទេសជាតិយើង ហើយយើងបានឆ្លងកាត់នូវភាពជូចត់ទាំងនោះ ។ ដូច្នោះហើយ យើងជាយុវជនស្នូលរបស់បក្សយើងត្រូវរួមគ្នាជាកម្លាំង បន្ថែមភាពជឿជាក់ថា ខ្មែរយើងអាចធ្វើបាន ដើម្បីអភិវឌ្ឍប្រទេសឆ្ពោះទៅមុខទៀត។

ការថ្លែងរបស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាន ធ្វើឡើង ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣.៣៥២នាក់ នៅវិមាន ៧ មករា។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា រាល់ផលប្រយោជន៍ដែលគណបក្សបានផ្តល់ជូនប្រជាពលរដ្ឋ គឺនៅតែត្រូវបានបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមានការថមថយទេ គឺមានតែការខិតខំស្វះស្វែងផ្តល់ជូនបន្ថែម។ ឯកឧត្តមក៏បានរំលេចផងដែរ នូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលរួមមានកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ ព្រមទាំងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ គឺឆ្លើយតបទាន់ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្ដាល បានឱ្យដឹងថា យុវជនគណបក្សដែលធ្វើពិធីទទួល និងបញ្ចូលជាសមាជិកបក្សថ្មី គឺជាគរុស្សិត និស្សិត មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន២២ ក្នុងរាជធានីភ្នំពេញ សរុប ចំនួន ៣៣៥២នាក់ ៕






ដោយ ជាវ ចន្ធូ