អភិបាលខេត្តកំពតជំរុញឱ្យពលរដ្ឋនៅក្នុងតំបន់បិទផ្សាយទិន្នន័យឯកសារនៃការវិនិច្ឆ័យដីធ្លី កុំខកខានទៅពិនិត្យឱ្យបានច្បាស់លាស់

កំពតៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានរំលឹក​ដល់ប្រជា​ពលរដ្ឋ​ដែល​រស់នៅក្នុងភូមិ​ដែលបានបិទផ្សាយ​ទិន្នន័យ​​ជាសាធារណៈ​នូវឯកសារនៃការវិនិច្ឆ័យទាំងអស់ ត្រូវមកធ្វើការពិនិត្យផ្ទៀងផ្ទាត់​ទិន្នន័យ​ដែល​ក្រុមការងារ​បាន​បិទ​ផ្សាយជាសាធារណៈរួមមាន បញ្ជីឈ្មោះម្ចាស់ដី និងប្លង់សុរិយោដី ដើម្បីពិនិត្យអំពីកំហុស​ឆ្គង​ពាក់​ព័ន្ធ​នឹងព័ត៌មានម្ចាស់ដី ទិន្នន័យក្បាលដីដូចជា ផ្ទៃក្រឡា ព្រំដី ឈ្មោះ​ម្ចាស់កម្មសិទ្ធិ ប្រភេទទ្រព្យ ប្រភពនៃការកាន់កាប់ ទីកន្លែងកំណើត និង​ថ្ងៃខែឆ្នាំកំណើតជាដើម ។ល។

ឯកឧត្តមបានក្រើនរំលឹកបែបនេះក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់​ម្ចាស់អចលនវត្ថុ និងបិទផ្សាយជាសាធារណនូវ ឯកសារ​នៃកាវិន្និច្ឆ័យ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម​អភិបាលខេត្តបន្តថា ធ្វើដូចនេះដើម្បីជៀសវាងមាន​កំហុសពេលចេញបណ្ណ ហើយរយៈពេលនៃការតវ៉ាមាន​រយៈ​ពេល១៥ថ្ងៃ​ចាប់ពីថ្ងៃបិទផ្សាយដោយពុំគិតពីថ្ងៃឈប់សម្រាក។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀប​ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្ត​កំពតបានឱ្យដឹង​ថា ក្នុងថ្ងៃនេះមានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ចំនួន​មួយភូមិ ដែលមានក្បាលដី សរុប​ចំនួន​១.៨៥៤ ក្បាលដី ស្មើនឹង ៩៩៤ គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួនពីរភូមិ ដែល​មានក្បាលដីសរុបចំនួន ៣.២៥២ ក្បាលដី ស្មើនឹង ១.៦៤២ គ្រួសារ ក្នុងនោះរួមមាន៖ ការចែកវិញ្ញា​បន​បត្រសម្គាល់​ម្ចាស់​អចលនវត្ថុភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុក​ដងទង់ មានក្បាលដីសរុបចំនួន ១.៨៥៤ ក្បាលដី ស្មើនឹង ៩៩៤​គ្រួសារ។ អំពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃ​ការវិនិច្ឆ័យ​ចំនួន ២ភូមិស្ថិតក្នុងឃុំខាយខាងត្បូង ស្រុកដងទង់ ក្នុងនោះភូមិ​ឈ្លីតលើ មានក្បាលដីសុរុបចំនួន ១.៨០២ ក្បាលដី ស្មើនឹង ៨៦០ គ្រួសារ, ភូមិត្រពាំងអណ្តូង មានក្បាលដីសរុបចំនួន ១.៤៥០ ក្បាលដី ស្មើនឹង ៧៨២ គ្រួសារ៕
ដោយ៖ សិលា សារិន

ads banner