រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញបើកព្រឹត្តិការណ៍សម្ដែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ
សៀមរាប ៖ ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ត្រូវបានប្រារព្វឡើងនៅ ក្នុងបរិវេណសួនច្បារព្រះរាជដំណាក់ក្បែរដងស្ទឹងខេត្តសៀមរាបកាលពីរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ តំណាងអង្គទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា លោក ង៉ូ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ក្នុងឱកាសនេះលោក ង៉ូ សេងកាក់ បានលើកឡើងថា តាមរយៈការបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដែលបានរៀបចំឡើងដោយក្រសួងទេសចរណ៍ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបឱ្យទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិក្នុងន័យចូលរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរទៅកាន់ពិភពលោក។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ គឺដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ។ឯកឧត្តមបន្តថា ព្រឹត្តិការណ៍នេះក៏ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អនៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

ឯកឧត្តម ហួត ហាក់ បន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត, ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ៕
ដោយ៖ ប៊ុន រដ្ឋា

