អភិបាលរងខេត្តបន្ទាយមានជ័យ៖​ ព្រះពុទ្ធសាសនា បានរួមចំណែក​លើកកម្ពស់ការអប់រំ ស្មារតី ធនធាន​មនុស្ស​

បន្ទាយមានជ័យ៖ក្នុងពិធីប្រគេនព្រះរាជប្រកាសនីយបត្រ និងប្រកាស​តែងតាំងអនុគណក្រុងប៉ោយប៉ែត និងមន្ត្រីសង្ឃ នៅវត្តនិមិត្តសុរីរាម​កូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្នុងសប្ដាហ៍នេះ លោក លៀម សុដា អភិបាលរង ខេត្តបន្ទាយមាន​ជ័យបានលើកឡើងថា វិស័យ​ព្រះពុទ្ធសាសនាបានរួមចំណែកលើកកម្ពស់ស្មារតីស្នេហាជាតិ ,ចូល​រួម​ក្នុងការអប់រំ​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស និងចូលរួម ក្នុងការ​ថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេស។

លោកបន្តថា ព្រះពុទ្ធសានាបានអប់រំមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បី​ទទួលបានសេចក្តីសុខសម្រាប់បុគ្គល​គ្រប់រូបក៏ដូច​ជាសង្គមទាំងមូល។ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនាក៏ជាបទដ្ឋាននៃគុណតម្លៃ រួម ជួយឱ្ស​សង្គមមនុស្សមានសាមគ្គីធម៌ សុខដុមរមនានិង មានសេចក្ដីសុខផ្លូវ​ចិត្តផ្លូវកាយ ។

សូមជម្រាបថា ព្រះគ្រូបច្ចិមសីមាវាសី ប៉ោ សុឃឿន ចៅអធិការវត្ត និមិត្តសុរីរាមកូនដំរី ត្រូវបានប្រកាសតែងតាំង ជាតាំង​អនុគណ​ក្រុងប៉ោយប៉ែត បានមានសង្ឃដីកាថានឹងខិតខំបន្តអភិវឌ្ឍ​សមិទ្ធ​ផលពុទ្ធសាសនា ជាមួយការបង្កើនការបណ្ដុះ​បណ្ដាល​ចំណេះ​ដឹងផ្លូវលោក៊​ផ្លូវធម៌ទៅដល់ភិក្ខុ និងព្រះសង្ឃ រួមទាំងពុទ្ធបរិស័ទ ប្រជាពលរដ្ឋឱ្យទទួលបានការអប់រំផ្នែក​ផ្លូវធម៌ តាមរយៈពុទ្ធិកសិក្សា។

សូមបញ្ជាក់ថា ទន្ទឹមនឹងប្រកាសតែង តាំងអនុគណក្រុងប៉ោយប៉ែត ក៏មានប្រកាសតែងតាំងមន្ត្រីសង្ឃ គ្រូសូត្រឆ្វេង ស្ដាំ និងលោក​អាចារ្យនៅទូទាំងក្រុងប៉ោយប៉ែត ២០អង្គនិងនាក់ផងដែរ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner