ហ៊ូធីវាយប្រហារនាវា អាមេរិកសងសឹកនឹងត្រាំ
បរទេស ៖ ក្រុមឧទ្ទាម Huthis នៅប្រទេសយេម៉ែន បាននិយាយថា ក្រុមរបស់ខ្លួនទើបបានវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក នៅក្នុងសមុទ្រក្រហម។
អ្នកនាំពាក្យយោធា នៃក្រុមឧទ្ទាមហ៊ូធី លោក Yahya Saree បាននិយាយថា ក្រុមនេះបានអនុវត្តប្រតិបត្តិការយោធាពិសេសមួយ សំដៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Harry Truman និងនាវាចម្បាំង នៅភាគខាងជើង សមុទ្រក្រហម ជាមួយនឹងមីស៊ីលផ្លោង និង មីស៊ីល Cruise ចំនួន ១៨ ឆុត និង យន្តហោះគ្មានមនុស្សបើក។
ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាស ទៅលើទីក្រុងជាច្រើន របស់ប្រទេសយេម៉ែន តាមបទបញ្ជា របស់លោកប្រធានាធិបតីអាមេរិក Donald Trump។ ការវាយប្រហារយ៉ាងចាស់ដៃ នាពេលនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ និងរបួស ១០១នាក់ នេះបើយោងតាមក្រសួងសុខាភិបាលនៃក្រុមហ៊ូធី។
ពួក Houthi ដែលមានអ៊ីរ៉ង់ នៅពីក្រោយ បានវាយប្រហារលើនាវាដឹកជញ្ជូនតាមសមុទ្រ ដើម្បីគាំទ្រប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ជាង១ឆ្នាំមកនេះ។ ពួកគេបានផ្អាកមួយរយៈពេល ក្រោយពេលមានបទឈប់បាញ់នៅហ្គាហ្សា តែពេលនេះ ចាប់ផ្តើមឡើងកម្តៅឡើងវិញ ក្រោយអាមេរិកវាយប្រហារ កាលពីចុងសប្តាហ៍៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
