មន្ត្រីលោក Trump ប្តេជ្ញាបន្តប្រយុទ្ធ ទាល់តែក្រុមហ៊ូទីឈប់បាញ់កប៉ាល់ទំនិញ

វ៉ាស៊ីនតោន ៖ មន្ត្រីនៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានប្តេជ្ញាបន្តប្រយុទ្ធនៅយេម៉ែន រហូតដល់ក្រុមហ៊ូទីប្តូរចិត្តឈប់វាយប្រហារកប៉ាល់ដឹកទំនិញឆ្លងកាត់សមុទ្រក្រហម។

បើតាមសេតវិមាន កងកម្លាំងអាមេរិក កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារលើកដំបូងប្រឆាំងនឹងក្រុមឧទ្ទាម ហើយជាលទ្ធផលនោះ មេដឹកនាំក្រុមហ៊ូទីជាច្រើននាក់ត្រូវបានសម្លាប់។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Waltz បានប្រាប់ ABC News ថា សហរដ្ឋអាមេរិកនឹងមិនត្រឹមតែទទួលខុសត្រូវលើក្រុមហ៊ូទីប៉ុណ្ណោះ ទេ ប៉ុន្តែយើងក៏នឹងធ្វើឲ្យអ៊ីរ៉ង់ ដែលជាខ្នងបង្អែករបស់ពួកគេទទួលខុសត្រូវផងដែរ។

ក្រសួងសុខាភិបាលរបស់ក្រុមឧទ្ទាមយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អាមេរិក បាន សម្លាប់មនុស្សយ៉ាងតិច ៣១នាក់ និង របួស ១០១នាក់។

ក្រុមហ៊ូទីបានវាយប្រហារដោយដ្រូន និងមីស៊ីលលើកប៉ាល់ដឹកទំនិញនានា ដែលឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

បើតាមមន្ទីរបញ្ចកោណ នាវាចម្បាំងអាមេរិកបានរងការវាយប្រហាររបស់ក្រុមហ៊ូទីចំនួន ១៧៤លើក និងកប៉ាល់ពាណិជ្ជកម្មចំនួន ១៤៥លើក ចាប់តាំងពីឆ្នាំ ២០២៣មក នាំឲ្យរំខានដល់ផ្លូវសមុទ្រដ៏សំខាន់ដែលជាធម្មតារ៉ាប់រងប្រហែល ១២%នៃចរាចរដឹកជញ្ជូនពិភពលោក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner