ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រៀបចំព្រឹត្តិការណ៍កីឡារត់ឆ្លងដែនដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
បន្ទាយមានជ័យ៖ខណៈឆ្នាំ២០២៥ជាគម្រប់ខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់ នៃខេត្តបន្ទាយមានជ័យ(កម្ពុជា) និង ណងអៀន ខេត្តស្រះកែវ( ថៃ)រដ្ឋបាលខេត្តទាំងពីរ កម្ពុជា-ថៃ បានរៀបចំព្រឹត្តិការណ៍រត់ឆ្លងដែនមិត្តភាពថៃ-កម្ពុជា (Two Kingdoms Run) ដើម្បីអបអរសាទរខួបប្រវត្តិសាស្រ្តនេះ ។
ស្ពានស្ទឹងបត់(កម្ពុជា)ឬស្ពានណងអៀន(ថៃ)គឺជាចំណុចនៃកីឡារត់ឆ្លងដែនរវាងរដ្ឋបាលនៃប្រទេសទាំងពីរ។ភាគីកម្ពុជាអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ខណៈភាគីថៃចូលរួមដោយឯកឧត្ដម បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រះកែវ ក្នុងនោះក៏មានការចូលរួមរត់ពីអត្តពលិក កម្ពុជា -ថៃ ដែលបានចូលរួមរាប់រយនាក់ផងដែរ។
ឯកឧត្តម ហ៊ុន សារឿន ឯករាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះដែរបានបញ្ជាក់ថា
ការរៀបចំព្រឹត្តិការណ៍រត់ឆ្លងដែននៃប្រទេសទាំងពីរភាគីកម្ពុជា-ថៃ គឺជាការប្ដេជ្ញា បន្តពង្រឹង ថែរក្សានូវទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ រួមគ្នាការទប់ស្កាត់រាល់ៗបទល្មើស ផ្សេងៗ តាមព្រំដែន ដោយរក្សាបាននូវព្រំដែនសន្តិភាពពិសេសទប់ស្កាត់នូវការចរាចរគ្រឿងញៀន ។ឯកឧត្ដមបន្តថា ព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ទំនាក់ទំនងនៃប្រទេសទាំង២ លើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរការចូលរួមចំណែកក្នុងការជំរុញរក្សាសន្តិភាព ការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន៕
ដោយ៖ឃិន គន្ធា





