យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ ១២០គីឡូម៉ែត្រ ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា

អត្ថបទដោយ៖
ង៉ាន់ ទិត្យ

(ភ្នំពេញ)៖ ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរ​ជាតិ បានចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមាន​ចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅ កម្ពុជា និងចូលរួមកៀរគរ​មូលនិធិសម្រាប់ការអភិរក្ស ។

យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) គាំទ្រដោយ រដ្ឋបាល​​ជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍​ជន​បទកម្ពុជា គណៈកម្មការថនិកសត្វសមុទ្រ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Ocean Conservation Namibia។ សម្រាប់ បេសកកម្មនេះ គឺជាការ​គាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក ។

សត្វផ្សោត ប្រឈមនឹងហានិភ័យ នៃការផុតពូជ ដែលបច្ចុប្បន្ន​វត្តមាន​របស់សត្វផ្សោតមាននៅក្នុងចម្ងាយ ១២០គីឡូ​ម៉ែត្រ​រវាង ខេត្តស្ទឹងត្រែង និងក្រចេះ។ ខណៈពេលដែលកិច្ចខិតខំ​ប្រឹងប្រែងអភិរក្ស ដែលកំពុងបន្តនេះបានជួយ ធ្វើឱ្យចំនួន​របស់វាមានស្ថេរភាព ប៉ុន្តែការគំរាមកំហែងក៏នៅតែបន្ត​បង្ក​គ្រោះថ្នាក់ដល់ចំនួនសត្វផ្សោតទឹកសាបនេះ ដូចជាការ​ជាប់​ទៅនឹងនៅក្នុងឧបករណ៍នេសាទដោយចៃដន្យ (ហៅថា “bycatch”) ការបាត់បង់ទីជម្រក និងការ នេសាទ​ខុសច្បាប់ជាដើម។

ក្នុងរយៈពេល ៤ ថ្ងៃនេះ ក្រុមអ្នកហែលទឹកនឹងបន្តហែល​តាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្នាំទន្លេដើម្បីជួយគាំទ្រសកម្មភាពហែលទឹក។ បេសកកម្មនេះមិនត្រឹមតែបង្ហាញពីការស៊ូទ្រាំ និង ការលះបង់​របស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណនៃ​ការ​គំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយ​ដែល​អាចបង្កគ្រោះថ្នាក់ និងដកហូតម៉ង នេសាទដែលបោះបង់​ចោល​ចេញពីទន្លេ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ៖«ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម​រៀបចំ​យុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ ដោយសារ​យើងកំពុង​ធ្វើ​ការក្នុងទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ដូចលទ្ធផល បានបង្ហាញហើយថា រយៈពេលបីឆ្នាំចុង​ក្រោយ​នេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្ស​ប្រកបដោយប្រសិទ្ធភាពរបស់យើង»។

មូលនិធិដែលរៃអង្គាសបានពីព្រឹត្តិការណ៍នេះនឹងផ្តល់ការគាំទ្រដោយផ្ទាល់ដល់កម្មវិធីអភិរក្សសត្វផ្សោត គាំទ្រដល់ឆ្នាំ ទន្លេ ដែលតែងតែចុះល្បាតជាប្រចាំក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតាមដាន និងការពារទីជម្រករបស់សត្វផ្សោត។ បន្ថែមពីលើនេះ ធនធានទាំងនេះក៏នឹងត្រូវបានបម្រុងទុកសម្រាប់ជំរុញការងារស្រាវជ្រាវ និងជំរុញកិច្ចសហការកាន់តែ ខ្លាំងរវាងកម្មវិធីអភិរក្ស​សត្វផ្សោតសមុទ្រ និងទឹកសាបនៅកម្ពុជា។

លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍​ថា «ការការពារចំនួនសត្វផ្សោត គឺទាមទារវិធី សាស្ត្រនិងការ​ចូលរួមទាំងអស់គ្នាពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ យុទ្ធនាកា រហែលទឹក ទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជា​សាធា​រណៈ​ក្នុងការអភិរក្ស»។

យុទ្ធនាការហែលទឹកទន្លេមេគង្គនេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវជីវវិទ្យាសត្វផ្សោត នៃកម្មវិធី​ស្រាវជ្រាវសត្វផ្សោត Sarasota នៅសហរដ្ឋអាមេរិក ដែល​បាន​បង្កើតវេទិការរៃអង្គាសថវិកាអន្តរជាតិ ដើម្បីជំរុញកិច្ចខិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខំប្រឹងប្រែងអភិរក្សសត្វផ្សោតរបស់កម្ពុជា។

លោកស្រីបណ្ឌិត Frances Gulland ប្រធានគណៈកម្មការ​ថនិកសត្វ​សមុទ្រអាមេរិក មានប្រសាសន៍ តំណាងឱ្យក្រុមអ្នក​ហែលទឹកថា៖ «យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺវាជា​បេសកកម្ម ដើម្បីការពារផ្សោតដែល ជិតផុតពូជរបស់កម្ពុជា និងទន្លេមេគង្គ ហើយក៏ជាការអំពាវនាវឱ្យមានសកម្ម​ភាព​ចូលរួមគាំទ្រផងដែរ។ យើងត្រូវតែ ធ្វើសកម្មភាពឥឡូវនេះ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះដែលរីកចម្រើននៅ ក្នុងទន្លេមេគង្គ។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៦ សត្វផ្សោតនៅក្នុង​អន្លង់​ឈើទាលកៀកជាប់ទៅនឹងព្រំប្រទល់កម្ពុជា-ឡាវត្រូវបាន ប្រកាសថាផុតពូជ ដែលត្រូវបានកត់ត្រានៅឆ្នាំ ២០២២ ។ ការបាត់បង់នេះបង្ហាញពីចំណាត់ការជាបន្ទាន់ដើម្បីការពារ ផ្សោតដែលនៅសេសសល់ក្នុងទន្លេមេគង្គ។ ប្រសិនបើយើង​មិនធ្វើសកម្មភាពឥឡូវនេះទេ យើងនឹងប្រឈមនឹងការបាត់​បង់សត្វដ៏អស្ចារ្យទាំងនេះជារៀងរហូត។ ចូលរួមជាមួយ​យើងទាំងអស់គ្នា ដើម្បីការពារអនាគតរបស់សត្វផ្សោត និងទន្លេមេគង្គ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner