លោក Trump និងលោក Putin គ្រោងជជែកពីសង្គ្រាមអ៊ុយក្រែនសប្តាហ៍នេះ
វ៉ាស៊ីនតោន ៖ ប្រេសិតពិសេសអាមេរិក លោក Steve Witkoff បានប្រាប់ CNN កាលពីថ្ងៃអាទិត្យ ក្រោយមកពីរុស្ស៊ីថា រូបលោកមានជំនួប “វិជ្ជមាន” ជាមួយលោកប្រធានាធិបតី Putin នៅទីក្រុងមូស្គូ ហើយថា បុរសខ្លាំងរុស្ស៊ីរូបនេះ នឹងជជែកជាមួយលោកប្រធានាធិបតី Trump ស្តីពីសង្គ្រាមអ៊ុយក្រែនក្នុងសប្តាហ៍នេះ។
លោក Witkoff បាននិយាយដូច្នេះថា ខ្ញុំរំពឹងថា នឹងមានការសន្ទនាទូរស័ព្ទរវាងលោកប្រធានាធិបតីទាំងពីរក្នុងសប្តាហ៍នេះ ហើយយើងក៏កំពុងបន្តទំនាក់ទំនង និងជជែកជាមួយអ៊ុយក្រែនផងដែរហើយលោកគិតថា ការពិភាក្សារវាងលោក Trump-លោក Putin “ពិតជាល្អ និងវិជ្ជមាន”។
លោក Trump កំពុងព្យាយាមឈ្នះការគាំទ្ររបស់លោក ពូទីន សម្រាប់សំណើបទឈប់បាញ់រយៈពេល 30 ថ្ងៃ ដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន ខណៈដែលភាគីជម្លោះបានបន្តការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា។
យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបបានសង្កត់ធ្ងន់ថា នៅតែមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ មុនពេលរុស្ស៊ីយល់ព្រមលើបទឈប់បាញ់ និងឈានដល់ដំណោះស្រាយសន្តិភាពចុងក្រោយ ដើម្បីសង្គ្រាមអ៊ុយក្រែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា