រដ្ឋបាលលោក Trmup បញ្ជូនក្មេងទំនើងជាង ២០០នាក់ទៅដាក់គុកដ៏ធំនៅអែលសាវ៉ាឌ័រ
វ៉ាស៊ីនតោន ៖ ក្រុមក្មេងទំនើងជនជាតិវេណេស៊ុយអេឡាច្រើនជាង ២០០នាក់ ត្រូវបានមន្រ្តីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជូនតាមជើងហោះហើរចាកចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ពន្ធធនាគារដ៏ធំមួយនៅប្រទេសអែលសាវ៉ាឌ័រ បើទោះជាមានការជំទាស់ពីចៅក្រមសហព័ន្ធម្នាក់ក៏ដោយ។
សមាជិក ២៣៨ នាក់នៃក្រុមក្មេងទំនើងវេណេស៊ុយអេឡា Tren de Aragua ដែលលោកប្រធានាធិបតី ត្រាំ បានកំណត់ថា ជាអង្គការភេរវករបរទេសនោះ បានទៅដល់ប្រទេសអែលសាវ៉ាឌ័រកាលពីថ្ងៃអាទិត្យ។ ខ្សែអាតិ៍វីដេអូមួយបង្ហាញពីរូបភាពក្រុមក្មេងទំនើងទាំងនោះ ដៃជាប់ខ្នោះនៅពេលផ្ទេរពីយន្តហោះទៅកាន់ក្បួនឡាន ដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ឆ្ពោះទៅកាន់ពន្ធធនាគារដ៏ធំរបស់អែលសាវ៉ាឌ័រ។
ពេលទៅដល់ទីនោះ ភ្លាមៗពួកគេត្រូវបានចាប់កោសក់ក្បាល និងប្តូរខោអាវអ្នកទោស រួចបញ្ជូនទៅបន្ទប់ឃុំឃាំងរៀងៗខ្លួន។ ប្រភពបានបង្ហើបឱ្យដឹងថា ការផ្ទេរអ្នកទោសនេះ គឺសហរដ្ឋអាមេរិកបង់ថ្លៃទាបបំផុតដល់អែលសាវ៉ាឌ័រ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនលុយនោះទេ។
កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានបង្ហោះសារនៅលើវេទិកា Truth Social ដោយសំដៅដល់អ្នកទោសទាំងនោះថា ជា “សត្វចម្លែកដែលត្រូវបានបញ្ជូនទៅប្រទេសអាមេរិក ដោយរដ្ឋបាលលោក បៃដិន និងក្រុមអ្នកប្រជាធិបតេយ្យឆ្វេងនិយមជ្រុល ហើយលោកបានអរគុណដល់អែលសាវ៉ាឌ័រដែលបានទទួលយកពួកគេ។ ភ្លាមៗ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានចោទប្រកាន់មេដឹកនាំអាមេរិករូបនេះថា បាន “ប្រព្រឹត្តិឧក្រិដ្ឋកម្ម” លើជនចំណាកស្រុកប្រទេសខ្លួន។
បច្ចុប្បន្នរដ្ឋបាលលោកប្រធានាធិបតី ត្រាំ កំពុងពន្លឿនបណ្ដាញមនុស្សដែលត្រូវបានចោទប្រកាន់ថា ជាសមាជិកក្រុម Tren de Aragua ដែលជាពួកឧក្រិដ្ឋជនវ៉េណេស៊ុយអេឡាមួយ មានជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត និងស៊ីឈ្នួលសម្លាប់មនុស្ស៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា