សម្ដេចធិបតី កោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជាគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលសហការគ្នាល្អ រៀបចំផ្លូវថ្មើរជើង (Walk Street) បានល្អប្រសើរ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលសហការគ្នាល្អ រៀបចំផ្លូវថ្មើរជើង (Walk Street) បានល្អប្រសើរ ។
តាមរយៈបណ្ដាញមសង្គមតេលេក្រាម នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី បានលើកឡើងថា ផ្លូវថ្មើរជើង (Walk Street) នាចុងសប្តាហ៍ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ នៅរាជធានីភ្នំពេញ ។
សម្ដេចធិបតី សូមកោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជាគ្រប់ស្ថាប័ននិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាល្អក្នុងការរៀបចំផ្លូវថ្មើរជើង (Walk Street) បានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ ដើរកំសាន្តនៅចុងសប្តាហ៍ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ។
សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ ។
ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ ខុសៗពីគ្នា ជារៀងរាល់សប្ដាហ៍ ជាក់ស្ដែង នៅសប្ដាហ៍ទី២ ខែមីនា នេះ បានរៀបចំឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសម្រាប់ថ្ងៃអាទិត្យ មានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនា យល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរ ។
ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង ២ថ្ងៃ ក្នុង ១សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ហើយចាប់តាំងពីថ្ងៃដាក់ឱ្យសាកល្បងលើកដំបូង រហូតមកដល់ពេលនេះ គឺរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ដោយប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើ មុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ៕








អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ ហេង សម្បត្តិ