នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ៖ កីឡា បាននាំមកនូវ​សុខភាពល្អ និងសាមគ្គីភាព

អត្ថបទដោយ៖
ស៊ូ វណ្ណលុក

(កណ្ដាល)៖ កីឡារស់ក្នុងសន្តិភាព ហើយកីឡា បាននាំមកនូវសុខភាពល្អ និង សាមគ្គីភាព ។ ការប្រកួតប្រឡងប្រណាំងនេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡា នៅទូទាំងប្រទេស និងស្របតាមអនុសាសន៍របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ ។

នេះជាការគូសបញ្ជាក់របស់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្ករក្ស ក្នុងពិធីបិទការប្រកួតកីឡា ប្រឡងប្រណាំង ៨វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន អង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឧត្តមសេនីយ៍ត្រី លី ឧត្តម ស្នងការរង ស្នងការដ្ឋានឃោសនា-ព័ត៌មាន បានឲ្យដឹងថា ការប្រកួតប្រឡងប្រណាំងនេះ បានចាប់ផ្ដើមប្រកួតជម្រុះ ពីថ្ងៃ២៦ ខែកុម្ភៈ ដោយមានកីឡាករចូលរួមចំនួន ២២ក្រុម មកពី កងឯកភាពចំណុះបញ្ជាការដ្ឋានអង្គរក្ស ។

ឆ្លងកាត់ការប្រកួត ៨វិញ្ញាសារនេះ ក្នុងនោះ វិញ្ញាសារសណ្តាប់ធ្នាប់ជួរទ័ព និងលំហាត់ប្រាណយោធា ចំណាត់ថ្នាក់បានលេខ១ បានទៅកងអន្តរាគមន៍ទី៣ ការពារ៣១១, វិញ្ញាសាររត់ប្រដាប់អាវុធចម្ងាយ ៧គីឡូម៉ែត្រ លេខ១ បានទៅកងអន្តរាគមន៍ទី៣ ការពារ៣១១, វិញ្ញាសារសែងប្រង់ការ ៥០គីឡូក្រាម ចម្ងាយ៤គីឡូម៉ែត្រ លេខ១ បានទៅកងអន្តរាគមន៍ទី៣ ការពារ៣១១, វិញ្ញាសារឆ្លងកាត់ឧបសគ្គទាំង២៥ លេខ១ បានទៅកងវរសេនាតូចទី១ កាំជ្រួចការពារអាកាស, វិញ្ញាសារបាញ់អាវុធវែងអាកា ៤៧ បីចម្ងាយ បីកាយវិការ និងចោលគ្រាប់បែក លេខ១ បានទៅកងអន្តរាគមន៍ទី១ ប្រឆាំងភេរវកម្ម, វិញ្ញាសារអូស-រុញរថយន្តទម្ងន់ ៧តោន លេខ១ បានទៅកងអន្តរាគមន៍ទី១ ប្រឆាំងភេរវកម្ម, វិញ្ញាសារ ដោះរៀបអាវុធបីប្រភេទ លេខ១ បានទៅ កងអន្តរាគមន៍ចល័ត៩៩៩ និងវិញ្ញាសារបាល់ទះ លេខ១ បានទៅកងអន្តរាគមន៍ទី៣ ការពារ៣១១ ។

នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងកោតសរសើរ និងវាយតម្លៃខំពោះកីឡាករ ដែលនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ខិតខំប្រឹងប្រែង ក្នុងការប្រកួតប្រឡងប្រណាំងនេះ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើ ដល់ក្រុមកីឡាករ ក៏ដូចជានាយ និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ត្រូវបន្តថែរក្សាសុខភាព និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ដោយប្តូរ ពីការប្រើប្រាស់គ្រឿងញៀន មកជាការលេងកីឡា ពង្រឹងនូវកាយសម្បទា សាមគ្គីភាពផ្ទៃក្នុង និងការងារហ្វឹហ្វឺន ពិសេសត្រូវប្រកាន់ខ្ជាប់ នូវអភិក្រមទាំងបី គឺលះបង់ ស្មោះត្រង់ និងបម្រើ ការពារប្រមុខថ្នាក់ដឹកនាំ និងក្រុមគ្រួសារលុះអវសាន្ត នៃជីវិត ហើយបោះទ័ពនៅទីណា ត្រូវជួយប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋស្រលាញ់ ពេលចេញទៅឲ្យប្រជាជននឹករលឹក ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ជ័យលាភី ក្រុមកីឡាចំណាត់ថ្នាក់លេខ១ នូវថវិកាចំនួន ៣ពាន់ ៥០០ដុល្លារ រួមនឹងភេសជ្ជៈ ហើយចំណាត់ថ្នាក់លេខ២ ថវិកា ៥លានរៀល រួមនិងភេសជ្ជៈផងដែរ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner