ក្រសួងបរិស្ថាន និង ដៃគូបន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុង​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប

(ភ្នំពេញ)៖ នាថ្មីៗមកនេះ នាយកដ្ឋានអភិរក្សតំបន់​ការពារ​ធម្ម​ជាតិ​ដីគោកខាងជើងបឹងទន្លេសាប អគ្គនាយកដ្ឋានតំបន់​ការ​ពារធម្មជាតិ នៃក្រសួងបរិស្ថាន និងមជ្ឈមណ្ឌល BETTER LIVING ក្រោយការសម្របសម្រួលពីមជ្ឈមណ្ឌល JIFPRO (Japan International Forestry Promotion and Cooperation) បានឈានដល់ការចុះហត្ថលេខាលើគម្រោង ស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំ​គូ​លែន»។ នេះបើតាមការឱ្យដឹងពីសំណាក់ ក្រសួងបរិស្ថាន ។

ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋាន តំបន់​ការ​ពារធម្មជាតិ បានលើកឡើងថាគម្រោងនេះ បានរៀបចំឡើង ចូល​​រួមចំណែកអនុវត្តយុទ្ធនាការ «ពន្លកបៃតង» មុំទី២ «ភាពបៃតង​​» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលត្រូវ​បាន​ដាក់ចេញសំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យា​ក្រឹត​កាបូននៅឆ្នាំ២០៥០។

ក្នុងពិធីនៃការចុះកិច្ចព្រមព្រៀងគម្រោងស្តារព្រៃឈើឡើងវិញ ក្នុង​ឧទ្យានជាតិភ្នំគូលែន លោក Jun Manabe ប្រធាន ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល BETTER LIVING បានបញ្ចាក់ថា មជ្ឈមណ្ឌលគាំទ្រគោលដៅយុទ្ធនាការ «ពន្លកបៃតង» និង បង្ហាញពីស្មារតីយ៉ាងមុតមាំ ក្នុងការគាំទ្រ សកម្មភាពស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងតំបន់ព្រៃរេចរឹលលើផ្ទៃដី ទំហំប្រមាណ ៣០ហិកតា ចាប់ពីឆ្នាំ២០២៥-២០៣០ និងបន្តការថែទាំ​រហូត​ដល់ឆ្នាំ២០៣២។

សូមបញ្ជាក់ថា ការស្តារព្រៃឈើឡើងវិញនឹងត្រូវអនុវត្ត ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្រោមការដឹកនាំ គ្រប់គ្រងនិងតម្រង់ទិសផ្នែកបច្ចេកទេស ពីនាយកដ្ឋានជំនាញ សម្របសម្រួលដោយមន្ត្រីឧទ្យានុរក្សរបស់ឧទ្យានជាតិ ដើម្បីលើកកម្ពស់ ការយល់ដឹងពីវិធាននៃការស្តារព្រៃឈើ ឡើងវិញ បង្កើនការអប់រំពីកិច្ចគាំពារបរិស្ថាន និងសង្គម។

គួររំលឹងផងដែរថា ចាប់តាំងឆ្នាំ២០២៣-២០២៤ មជ្ឈមណ្ឌល JIFPRO បានគាំទ្រគម្រោងស្តារព្រៃឈើឡើងវិញ សាកល្បង ដោយដាំឈើចម្រុះចំនួនជាង ៦ ៧៤០ដើម លើផ្ទៃដីព្រៃរេចរឹល ទំហំ ៦ហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន»។ តាមរយៈលទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង សាកល្បង (អត្រារស់រហូតដល់ ៧២%) ទើបគម្រោង THE BLUE AND GREEN PROJECT ដំណាក់កាលទី៣ របស់ មជ្ឈមណ្ឌល បានជ្រើសយកប្រទេសកម្ពុជា អនុវត្តគម្រោង ចាប់ពីឆ្នាំ២០២៥ តទៅបន្តទៀត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner