ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការងាររបស់យើង​មិនល្អឥត​ខ្ចោះ​​ទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់​ដឹកនាំនៃក្រសួងមុខងារសាធារណៈ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រ​សា​ស​ន៍ថា ការងាររបស់យើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់​ទៅ​លើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ​នៃក្រសួង​មុខងារ​សាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការ​ទទួល​ខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង។

ខាងលើនេះ ជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​គណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យ​ចូល​បម្រើការងារនៅតាមក្រសួង ស្ថាប័ន ក្នុងវិបស្សនាបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យ​ចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “រយៈពេល ១៥​ខែ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាន​ដាក់​ចេញ​ឱ្យអនុវត្តនូវវិធានការគន្លឹះទាំងបី ក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ មកឱ្យក្រសួងមុខងារសាធារណៈដឹកនាំ។ ពិត​ណា​ស់ រយៈពេល ១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និង​​​កៀកកិតនឹងគ្នានោះទេ និងការអនុវត្តការងារ​ដោយមានភាព​ទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈទេ របស់ថ្នាក់ដឹកនាំ និង​​មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ក៏ការកែទម្រង់​មិន​អាចទៅមុខរួចដែរ។”

“និយាមនីតិប្រតិបត្តិ ដែលយើងបានអនុវត្តរយៈពេល ១៥ខែ ពិតណាស់មិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាព​ទទួលខុសត្រូវរបស់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំ​នៃ​ក្រសួងមុខងារសាធារណៈ ក្នុងការប្រតិបត្តិ អនុវត្តដោយទទួល​ខុសត្រូវ ចង់ឃើញលទ្ធផល និងការផ្តល់ភាពសុក្រឹតនៃការ​ប្រ​ឡង។ មកដល់ពេលនេះ យើងអនុវត្តបានដោយជោគជ័យ រយៈពេល ១៥ខែ ដោយសារចិត្តមួយថ្លើមមួយ នឹងការទទួល​ខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រប់ភាគីនៃមុខងារ​សាធារណៈរបស់យើង។”

ពាក់ព័ន្ធនឹងការប្រឡងប្រជែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំ​ដល់សមាជិក សមាជិកានៃអង្គវិបស្សនាទាំងអស់ថា ពិត​ណា​ស់ ក្រុមការងារបានអនុវត្តកិច្ចការងារបច្ចេកទេសដោយឡែកៗ រៀងៗខ្លួន តែសូមក្តាប់ឱ្យជាប់ពីគោលជំហរ និងបេសកកម្មរួម​ដ៏ធំ គឺការចូលរួមប្រែក្លាយចក្ខុវិស័យរបស់ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យ​ក្លាយជាសមិទ្ធកម្មជាក់លាក់ និងការរុញការកែទម្រង់​ក្នុង​ការ​ពង្រឹង​រដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធ​ផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅឆ្នាំ​២០២៨ និងការធ្វើដំណើរជាជំហានៗ ឆ្ពោះទៅកាន់ការធ្វើ​ទំ​នើប​កម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់ថ្ងៃអនាគត។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា “ការប្រឡង​ប្រជែង​មន្ត្រីរាជការស៊ីវិល ពិតជាមានសារៈសំខាន់ តែក៏មិន​មែន​ជាកិច្ចការងារតែមួយ របស់ក្រសួងមុខងារសាធារណៈទេ។” “ប្រាកដ​ណាស់ ការប្រឡងប្រជែងនីមួយៗ គឺជាឱកាសឱ្យមន្ត្រី​របស់យើង ចូលរួមក្នុងការអនុវត្តវិធានការគន្លឹះទី១ របស់រាជ​រដ្ឋា​ភិបាល ប៉ុន្តែកិច្ចការងារក្រសួងមុខងារសាធារណៈមានច្រើន ដូច្នេះ​​ក្រសួងត្រូវបែងចែកធនធាន សម្រាប់គាំទ្រដល់កិច្ចការងារ​វិភាគមុខងារ និងកិច្ចការងារផ្សេងៗ​មួយចំនួនបន្ថែមទៀត” ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner