មន្ទីរបរិស្ថានខេត្តប៉ៃលិន ចាត់វិធានការផ្លូវច្បាប់ចំពោះរោងចក្រ កែច្នៃ ដំណាប់ស្វាយមួយកន្លែង ដែលបានបញ្ចេញសំណល់​រាវ​ប៉ះពាល់ដល់ប្រភពទឹកសាធារណៈ

(ប៉ៃលិន)៖ ក្រុមការងារជំនាញ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន បាន​បញ្ជាក់​ពីវិធានការផ្លូវច្បាប់ដល់រោងចក្រកែច្នៃដំណាប់​ស្វាយ​មួយ​កន្លែង ដែលបានបញ្ចេញសំណល់រាវប៉ះពាល់ដល់​ប្រភព​ទឹក​សាធារណៈ។

យោងតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥ថាបន្ទាប់ពីមានការសហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរកឃើញមានករណីត្រីងាប់ ក្នុងអូរនៅចំណុច​ក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រុមការងារ បានចុះត្រួតពិនិត្យ និងបានរកឃើញ​ថា ទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃ​ដំណាប់ស្វាយស្ថិត នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ហើយសំ​ណល់រាវរបស់រោងចក្រត្រូវបានរកឃើញមានសភាពល្អក់ មាន​ក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូ​ទឹកសាធារណៈ ដែលបង្កឱ្យត្រីក្នុងអូរធម្មជាតិក្បាលឡាន​មាន​ក្លឹនជូ ផ្អូមខ្លាំង នៅក្បែរនោះងាប់។ ប្រជាពលរដ្ឋទទួលរងផល​ប៉ះពាល់ផ្ទាល់ខ្វះខាតទឹកប្រើប្រាស់ នៅចំណុចក្បាលឡាន ភូមិ​ភ្នំស្ពង់ ឃុំសាលាក្រៅ មាន ចំនួន ៤៧គ្រួសារ។ ជាមួយ​គ្នានេះ ក្រុមការងារបានត្រួតពិនិត្យឃើញថាក្រុមហ៊ុន ត្រូវបានបើក​ដំណើរ​ការផលិតកម្មកែឆ្នៃដំណាប់ស្វាយ បានរយៈពេល១៥ថ្ងៃ ហើយអាងប្រព្រឹត្តិកម្មរបស់រោងចក្រមិនបានដំណើរការនោះឡើយ។

សូមបញ្ចាក់ថា ក្រុមការងារជំនាញបរិស្ថាន បានចុះពិនិត្យលើ៤​ទីតាំង​នៅជុំវិញរោងចក្រនៃទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត និង១ទីតាំងនៅក្នុងរោងចក្រផ្ទាល់តែម្តង។

ប្រភពខាងលើនេះបានឱ្យដឹងថា៖ដើម្បីឆ្លើយតបចំពោះការ​ប្រព្រឹត្ត​ជាក់ស្តែងរបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ក្រុមការងារ​បានធ្វើការណែនាំនិងអនុវត្តច្បាប់ដូចខាងក្រោម៖

  • តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវ ចូលទៅ​ប្រភពទឹកសាធារណៈដោយមិនបានឆ្លងកាត់ការធ្វើប្រតិកម្មត្រឹមត្រូវតាមបច្ចេកទេស ទោះក្នុងរូបភាពឬគោលបំណង​ណាក៏ដោយ​។
  • ត្រូវរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មចំណល់រាវឲ្យបានត្រឹមត្រូវ។
  • ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេត្តប៉ះពាល់បរិស្ថាន និងសង្គម ឲ្យបានត្រឹមត្រូវ។
  • រាល់ដំណើរការរោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាននានា ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្រុមការងារបានចុះយកសំណាកទឹក មកពិនិត្យ​នៅ​មន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីចាត់ការនីតិវិធី​ច្បាប់​បន្ត។ ដោយឡែកក្រុមហ៊ុនបានបញ្ចេញសំណល់រាវ ល្មើស​នឹងច្បាប់ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ជាពិសេសក្រម​បរិស្ថាន​និងធនធានធម្មជាតិ ដែលបានអនុម័ត​ឱ្យប្រើប្រាស់​នៅឆ្នាំ២០២៣ បានកំណត់នៅក្នុងមាត្រា២៨០ មាត្រា២៨៤ បានកំណត់ការរៀបចំផែនការសកម្មភាពគ្រប់គ្រងការបំពុលទឹកសាធារណៈ ការចាត់វិធានការក្នុងករណីមានការបំពុលទឹក​សាធារណៈនិងត្រងចំណុចការត្រួតពិនិត្យការបំពុលទឹកពីប្រភពជាក់លាក់៖ មាត្រា២៨៦ មា​ត្រា២៨៧ ដែលបានកំណត់អំពី​ការ​ស្នើ​សុំ​លិខិតអនុញ្ញាតបញ្ចេញសំណល់រាវ របស់ប្រភព​បំពុល​ជាក់លាក់ ព្រមទាំងការទទួលខុសត្រូវរបស់ម្ចាស់​ប្រភព​បំពុលទាំងនោះ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner