មេឆ្មាំអ៊ីរ៉ង់ប្តេជ្ញាសងសឹកក្រោយអាមេរិកព្រមាន
បរទេស ៖ មេឆ្មាំអ៊ីរ៉ង់ប្តេជ្ញាសងសឹកប្រឆាំងនឹងការវាយប្រហារណាមួយ បន្ទាប់ពីការព្រមានធ្ងន់ៗ របស់លោកប្រធានាធិបតីអាមេរិក Donald Trump។
ប្រធានឆ្មាំអ៊ីរ៉ង់ លោក Hossein Salami កាលពីថ្ងៃអាទិត្យ បានគំរាមឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារណាមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការបន្តវាយប្រហារតាមអាកាស ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន និង បានព្រមានក្រុងតេអេរ៉ង់ ឈប់គាំទ្រក្រុមនេះ។
លោក Hossein Salami បានថ្កោលទោសការគំរាមកំហែង របស់លោក Trump ដោយបន្ថែមថា «អ៊ីរ៉ង់នឹងមិនធ្វើសង្គ្រាមទេ ប៉ុន្តែ ប្រសិនបើនរណាម្នាក់ គំរាមកំហែង ខ្លួននឹងផ្តល់ការឆ្លើយតបសមស្រប និងពេញលេញ»។
កាលពីថ្ងៃសៅរ៍ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកបានចាប់ផ្តើម “សកម្មភាពយោធាដ៏ខ្លាំងក្លា” ដើម្បីបញ្ចប់ការគំរាមកំហែង របស់ក្រុមហ៊ូធី ចំពោះការដឹកជញ្ជូន នៅសមុទ្រក្រហម ហើយបានព្រមានថា ការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះពួកឧទ្ទាម “ត្រូវតែបញ្ចប់ជាបន្ទាន់” ។ មន្ត្រីសុខាភិបាលហ៊ូធី ម្នាក់បាននិយាយថា ការវាយប្រហាររបស់អាមេរិក កាលពីចុងសប្តាហ៍ បានសម្លាប់មនុស្ស ៣១នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត