ឆេះក្លឹបរាត្រីម៉ាសេដ្វានខាងជើងស្លាប់៥៩នាក់

បរទេស ៖ មនុស្ស៥៩នាក់បានស្លាប់ របួស១៥៥នាក់ផ្សេងទៀត ក្នុងហេតុការណ៍ឆេះក្លឹបរាត្រីមួយកន្លែង ក្នុងប្រទេសម៉ាសេដ្វានខាងជើង ជាប្រទេសដែលស្ថិតក្នុងតំបន់បាល់កង់ អឺរ៉ុបខាងកើត។

អាជ្ញាធរបាននិយាយថា ហេតុការណ៍ឆេះក្លឹបរាត្រីដ៏ចង្អៀតនេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ ហើយអគ្គិភ័យបានផ្តើមឆាបឆេះ បន្ទាប់ពីការបាញ់កាំជ្រួច នៅលើឆាកប្រគុំតន្ត្រី។ អ្នករបួសធ្ងន់ធ្ងរខ្លះ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ នៅប្រទេសជិតខាង ដូចជា ប៊ុលហ្គារី ក្រិក ស៊ែប៊ី និងក្រូអាត ជាដើម។ រដ្ឋមន្ត្រីមហាផ្ទៃ លោក Pance Toskovski បាននិយាយថា ជាង២០នាក់នៃអ្នករងរបួស ហើយ៣នាក់ ក្នុងចំណោមអ្នកស្លាប់ គឺជាអនីតិជន។

រដ្ឋាភិបាលបានប្រកាសទុកពេលកាន់ទុក្ខ រយៈពេល ៧ថ្ងៃ ហើយបានបញ្ជាឲ្យទម្លាក់ទង់ជាតិ។ មេដឹកនាំប្រទេសជិតខាងបានផ្ញើសាររំលែកទុក្ខ។ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយនៅលើ X ថា លោកស្រីមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះ ភ្លើងដ៏សោកនាដកម្ម ហើយថា សហភាពអឺរ៉ុបចែករំលែកទុក្ខសោក និងការឈឺចាប់ របស់ប្រជាជនម៉ាសេដ្វានខាងជើង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner