ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្ដាល និងកំណែទម្រង់លើកងកម្លាំងនគរបាល
(កំពង់ស្ពឺ)៖ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្ដាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិឱ្យស្របទៅនឹងការវិវត្ត នៃស្ថានការណ៍សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញ៣រួមគ្នា ដល់សិក្ខាកាមជ័យលាភីសរុបចំនួន ២០១នាក់ នារី ១នាក់ ដែលក្នុងនោះរួមមាន៖ វគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង នៅសាលានគរបាលជាតិមិត្តភាកម្ពុជា-វៀតណាម នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្ដុះបណ្ដាល ក្នុងសម័យសន្តិភាព និងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការនៃការបណ្ដុះបណ្ដាលប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់សិក្ខាកាមជ័យលាភីទាំងអស់ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យរបស់សាលាបានល្អ រហូតទទួលបានជោគជ័យព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង និងជំនាញនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ ៕






ដោយ / គ្រី សម្បត្តិ