កម្ពុជា-ឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យ សុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព
(ភ្នំពេញ)៖ ឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើការអភិវឌ្ឍន៍សុខភាពឌីជីថល ភាពជាដៃគូរវាង វិស័យសាធារណៈ និងឯកជន ដូចជាការវិនិយោគបង្កើតមន្ទីរ ពេទ្យ កម្រិតអន្តរជាតិដែលមានគុណភាពខ្ពស់ តាមរយៈ កិច្ច សហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្នុងជំនួបសំដែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកអគ្គរដ្ឋទូតឥណ្ឌា និង គណៈប្រតិភូ អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹង ជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា តាម រយៈឯកអគ្គរដ្ឋទូត ដែលបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិ បត្តិការ ជាមួយក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បញ្ជាក់ជូនថា ដើម្បីលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជនកម្ពុជា គឺត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ

