ផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងបង្ហាញរបាយការណ៍សន្និបាត​ក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី ៣

បន្ទាយមានជ័យ៖កាលពីពេលថ្មីៗនៅសាលប្រជុំមន្ទីរសុខាភិបាល​ខេត្ត​បន្ទាយមានជ័យ មានរៀបចំ​ពិធីសំណេះ​សំណាល​ផ្សព្វផ្សាយក្រម​សីលធម៌​ឱសថការី និងបង្ហាញរបាយការណ៍សន្និបាតក្រុមប្រឹក្សា​គណៈ​ឱសថការីជាតិអាណត្តិទី ២ ។

ក្នុងឱកាសនេះឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និងជាប្រធានក្រុមប្រឹក្សា​គណៈឱសថ​ការីជាតិ​បានលើកឡើងពីសារសំខាន់នៃក្រមសីលធម៌ឱសថការី សំដៅបន្ត​ពង្រឹងគុណភាពសេវាសុខាភិបាលសាធារណៈ និងឯកជន។ឯកឧត្តមថា ជាគោលនយោបាយជាតិលើវិស័យសុខាភិបាល ចាំបាច់​ធ្វើការ គ្រប់គ្រងគុណវុឌ្ឍ ឬតម្រូវឱ្យ​មាន​ការគ្រប់គ្រងម្ចាស់ឱសថស្ថាន និងឱសថការីឱ្យ​អនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត ឬច្បាប់​របស់ក្រសួង​សុខាភិបាល​បាន​ល្អបន្ថែមទៀត ។

លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកថែមទៀតដល់ម្ចាស់ទុនឱសថស្ថាន ទីតាំងលក់ធានា​បានសុវត្ថិភាពថ្នាំឬឱសថតាមលក្ខណៈបច្ចេកទេស។ជារួមទាំងម្ចាស់​ទុន​ឱសថស្ថាននិង ឱសថការីប្រកប​សេវាកម្មសុខាភិបាលលើកផ្នែក​ឱសថគឺត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ជាគោលចម្បងក្នុងនាមជា​អ្នក​ជួយសង្រ្គោះ។

ចំណែកលោក ភិគុណ បុនណារ៉ា ឱសថការីខេត្តបន្ទាយ​មានជ័យ​បានលើកពីផែនការបន្ត បន្ទាប់ពីការផ្សព្វផ្សាយ និងការ​ចុះត្រួតពិនិត្យ​ទៅលើការប្រតិបត្តិរបស់ឱសថការីទៅតាមឱសថស្ថាន និងសេវាអម​វេជ្ជសាស្ត្រ។ការ រៀបចំបង្កើតឱ្យ​មាន​ការបណ្តុះបណ្តាលដល់សមាជិក​ឱសថការីនៅក្នុងខេត្តទាំងអស់។

សូមជម្រាបថា ពិធីសំណេះសំណាលផ្សព្វផ្សាយក្រមសីលធម៌​ឱសថ​ការី មានការចូលរួមពី ម្ចាស់ទុនឱសថស្ថាន​និង​ឱសថការីចំនួន ១៥៩ នាក់ ទូទាំងខេត្តកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥រៀបចំដោយ គណៈឱសថការីខេត្តបន្ទាយ​មានជ័យសហការជាមួយគណៈឱសថ​ការីកម្ពុជា និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ៕
ដោយ៖គៀន ច័ន្ទហ៊ីន

ads banner