មនុស្ស២០នាក់រងបួសធ្ងន់ ស្រាល ខណៈរថយន្តដាច់ហ្រ្វាំង​ធ្លាក់​ជម្រាលភ្នំនៃភ្នំគីរីរម្យ

កំពង់ស្ពឺ៖សមត្ថកិច្ចបានដឹងថា មនុស្សប្រុស-ស្រីចំនួន២០នាក់បាន​រងរបួស​ធ្ងន់-ស្រាលខណៈមានរថយន្តក្រុង​ខ្នាត៤៥​កៅអី បានដឹក​អ្នកដំណើរទេសចរបានក្រឡាប់នៅក្បែររមណីយដ្ឋានវិរៈប៊ុនថាំ(ខ្នងភ្នំគិរីរម្យ)ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពី​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០២៥។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះជាភ្ញៀវទេសចរមកពីរាជធានី​ភ្នំពេញបានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេង​ជាក្រុមនៅលើខ្នងភ្នំគិរីរម្យហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវិរៈប៊ុនថាំដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួប​ឧបទ្ទវ​ហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ថា ករណីក្រឡាប់ធ្លាក់​រថយន្ត​នេះ គឺផ្តើមចេញពីការដាច់ហ្រ្វាំង​ពេលរថយន្ត​ចុះចំណោត​ខ្លាំង។សមត្ថកិច្ច ក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយដែល​មានបំណងចង់មកលេងនៅលើខ្នងភ្នំគិរីរម្យ សូមឱ្យពិនិត្យ​បច្ចេក​ទេសយានយន្តឱ្យបានល្អ ចៀសវាងជួបឧបទ្ទវហេតុដូចករណី​រថយន្ត​ខាងលើ។

ភ្លាមៗដោយមានជំនួយពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តកំពង់ស្ពឺ បានបញ្ចេញរថយន្តក្រុង​ធុន​តូចទៅ​ដឹកអ្នករបួសទាំង​អស់​ខ្លះទៅសង្គ្រោះ និងខ្លះទៀតត្រូវផ្តល់បាយទឹកដឹកជូនត្រឡប់​ទៅផ្ទះវិញ៕
ដោយ៖ ម៉ុន សំអាត

ads banner