សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក.ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកគងពិសី

កំពង់ស្ពឺ៖នៅក្នុងបរិវេណអនុវិទ្យាល័យអង្គមេត្រីម៉ឺន ភូមិដំរីស្លាប់ ឃុំព្រៃ​វិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥​សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា​(ស.ស.យ.ក.)​បាន​ចុះ​ពិនិត្យព្យាបាលជំងឺដោយឥតគិត​ថ្លៃជូនប្រជា​ពលរដ្ឋ ស្រុកគងពិសី ។សកម្មភាពនេះដឹកនាំដោយលោក ហេង សុខគង់ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​ស.ស.យ.ក. និងចូលរួមដោយ​ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​។

ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុង​សកម្មភាពមនុស្សធម៌កាលពីថ្ងៃទី១៦ ខែមីនា មាន​ប្រជាពលរដ្ឋ​និង​កុមារ​ជាង​១ ២០០​នាក់ ​បានមកទទួល​ការពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជាង​១៦មុខ ពី​ក្រុមគ្រូពេទ្យ ​វេជ្ជបណ្ឌិត​​ជំនាញៗ ។

អភិបាលខេត្តកំពង់ស្ពឺបានរំលឹកថា នេះមិនមែនជាលើកទីមួយនោះ​ទេសម្រាប់ខេត្តកំពង់ស្ពឺ ដែលក្រុមគ្រូពេទ្យ​ស.ស.យ.ក.​ពិនិត្យនិង​ព្យាបាលដល់ប្រជាពលរដ្ឋ កុមារកំព្រា ពិការ។សកម្មភាពមនុស្សធម៌​នេះដែរក៏បានបង្ហាញឱ្យឃើញពី​ការគិតគូរ​យ៉ាង​​ខ្លាំងរបស់ថ្នាក់ដឹកនាំ ពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​សាធារណៈនិង ប្រធាន​ក្រុម​ការ​ងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់​ស្ពឺ។

ពេញមួយថ្ងៃ​ក្រុមគ្រូពេទ្យ​បានពិនិត្យ និងព្យាបាល​ជំងឺ​១៦មុខ រួមមាន​ជំងឺ​ទូទៅវះកាត់ ជំងឺ​ភ្នែក ត្រចៀក ច្រមុះ​និង​បំពង់ក សន្លាក់ ជំងឺ​កុមារ រោគ​ស្ត្រី​ និង​ពិនិត្យ​ផ្ទៃពោះ ជំងឺ​មាត់​ធ្មេញ ជំងឺផ្លូវចិត្ត កាមរោគ​ និង​សើរ​ស្បែក ជំងឺផ្លូវចិត្ត ពិនិត្យ​ឈាម។ អ្នកជំងឺបានទទួល​ថ្នាំព្យាបាល​ផងដែរ​ក្រោយ​ការពិនិត្យរួច៕
អត្ថបទ៖ម៉ុន សំអាត

ads banner