កសិករឃុំភ្នំសំពៅ អរគុណក្រសួងធនធានទឹក និងរដ្ឋបាលខេត្ត ដែលជួយសង្រ្គោះស្រូវប្រាំងទាន់ពេលវេលា
បាត់ដំបង៖ ជាមួយទឹកមុខញញឹមញញែម ព្រមទាំងលើកដៃប្រណម្យអរគុណផង កសិករឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបានបង្ហាញអារម្មណ៍រំភើបរីករាយ ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរធនធានទឹកខេត្ត ដែលបានដោះស្រាយនាំទឹកជួយសង្គ្រោះស្រូវរបស់ពួកគាត់បានទាន់ពេលវេលា។

ប្រាប់អ្នកយកព័ត៌មាន កសិករឃុំភ្នំសំពៅ ស្រុកបាណន់បានអះអាងស្រដៀងៗគ្នាថា ប្រសិនពុំមានការជួយអន្តរាគមន៍ដោយផ្ទាល់ពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងមន្ទីរធនធានទឹកខេត្តទេ នោះស្រូវប្រាំងរាប់រយហិកតារបស់ពួកគាត់នឹងខូចខាតទាំងស្រុងជាក់ជាពុំខាន ។

ទាក់ទងនឹងការអន្តរាគមន៍សង្រ្គោះស្រូវនេះដែ លោក ខៃ សុដា អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ,មានការចង្អុលបង្ហាញពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងការណែនាំដោយផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ទីរជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីអន្តរាគមន៍នាំយកទឹកទៅជួយសង្រ្គោះស្រូវប្រាំងរបស់កសិករបានទាន់ពេលវេលា។លោកបន្តថា ការធ្វើស្រូវប្រាំងរបស់កសិករច្រើនលើសផែនការដែលមន្ទីរធនធានទឹក និងមន្ទីរកសិកម្មបានឯកភាពគ្នា ។មន្ទីរទាំងពីរសម្រេចឱ្យកសិករធ្វើត្រឹមតែ ២៧ ០០០ហិកតាតែប៉ុណ្ណោះ នៅតាមតំបន់ដែលធានាក្នុងការផ្គត់ផ្គង់ទឹកបាន។ប៉ុន្តែកសិករបាននាំគ្នាសម្រុកធ្វើរហូតដល់ទៅជាង ៩ម៉ឺនហិកតា គឺលើសផែនការច្រើនលើសលប់។

សូមបញ្ជាក់ថា ឆ្នាំ២០២៤ការដាំដុះស្រូវនៅទូទាំងខេត្តបាត់ដំបងមានចំនួនជាង៥០ម៉ឺនហិកតា។ ក្នុងនោះស្រូវស្រាល មិនប្រកាន់រដូវជាង៣០ម៉ឺនហិកតា បើប្រៀបធៀបឆ្នាំ២០២៣កើនឡើងជាង៥ម៉ឺនហិកតា។

តាមការប៉ាន់ស្មានក្នុងឆ្នាំ២០២៤ខេត្តបាត់ដំបងផលិតស្រូវបានប្រមាណ២លានតោន។ ខណៈដែលការនាំចេញអង្ករបានជាង៣០ម៉ឺនតោន ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.
