អភិបាលខេត្តកំពង់ចាម ជំរុញឱ្យយកចិត្តទុកដាក់ថែរក្សា​ឱ្យបាននូវ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយ​ភូមិឃុំ សង្កាត់ មានសុវត្ថិភាព

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ​ទាំង​អស់ត្រូវថែរក្សាឱ្យបាន​នូវសន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ។ជាពិសេសគឺ សុខសន្តិភាព និង​ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ។ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះក្នុង​កិច្ចប្រជុំដកបទពិសោធន៍ការងារផ្សព្វផ្សាយ និងការអនុវត្តរគោល​នយោបាយ «ភូមិ-ឃុំ-សង្កាត់​មានសុវត្ថិភាព» ប្រាំខេត្តនៅសាលាខេត្ត​កំពង់ចាមកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥​ ក្រោមវត្តមាន​ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។

ចំពោះមុខប្រតិភូមកពីខេត្តចំនួនបួនផ្សេងដែលមានខេត្តកំពង់ចាមជាម្ចាស់ផ្ទះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់​ចាមបានថ្លែងថា ដើម្បីសម្រេចបាន នូវចក្ខុវិស័យរយៈពេលខ្លី រយៈពេលមធ្យម និង​រយៈពេលវែង ខេត្តត្រូវ​ធ្វើកា​រងាររួមមាន ទី១-ត្រូវថែរក្សាឱ្យបាន​នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ,ទី២-ត្រូវពង្រឹងគុណភាព ទាំងប្រសិទ្ធ​ភាពនៃការផ្តល់​សេវា​សាធារណៈ ,ទី៣-ត្រូវជំរុញក្នុងការ​អភិវឌ្ឍការចាប់ដៃគូវិនិយោគ ដើម្បីផ្តល់នូវ ឱកាសការងារ​ជូន​ប្រជាពលរដ្ឋរបស់យើង ឱ្យទទួលបានសេដ្ឋកិច្ចបន្ថែម ទី៤-គឺត្រូវចូល​រួម គ្រប់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសគឺ កំណែទ្រមង់​វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការងាររបស់យើងទាំងអស់គ្នា ។

ខេត្តចំនួនដែលមកចូលរួមមាន ខេត្តព្រៃវែង ព្រះវិហារ ពោធិសាត់ និងខេត្តរតនគីរី ។​ឯកឧត្តម យុន ឈុន្នី រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ ក៏បានជំរុញដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបន្តកិច្ចសហការ ផ្តល់នូវការគាំទ្រ និងចូលរួម​អនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋា​ភិបាល​ឱ្យ​កាន់តែសកម្ម ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បី​ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈាន​ទៅ​បង្កើន​ល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកក្នុង​ការ​អនុវត្ត ប្រកបដោយជោគជ័យនូវ​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព ៕
ដោយ៖លី ពៅ

ads banner