កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល

សៀមរាប៖នៅសាលប្រជុំសាលាខេត្តសៀមរាប អាជ្ញាធរខេត្ត និង​សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា កាលពីព្រឹក​ថ្ងៃទី១៧ ខែមីនា បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​តាម​ថ្នាលឌីជីថល ក្រោមអធិបតីភាព លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងបណ្ឌិត ឡី សុភាព ប្រធាន​សមាគមសហព័ន្ធ​យុវជន​សេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនេះ លោក ង៉ូវ សេងកាក់ បានបញ្ជាក់អំពីសារសំខាន់​នៃការចុះឈ្មោះតាមថ្នាលឌីជីថល​សម្រាប់អ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ។នោះគឺមានគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយផ្អែក​លើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ។

បណ្ឌិត ឡី សុភាព បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងពង្រឹង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបង្កើនសុខុមាលភាព និងលើក​កម្ពស់​គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។លោកបានអំពាវនាវ​ឱ្យអាជ្ញាធរ​មានសមត្ថកិច្ចបន្តលើកស្ទួយ និងផ្សព្វផ្សាយ​យុទ្ធនាការនេះយ៉ាង​ទូលំទូលាយ។

សម្រាប់ការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាច​ជ្រើសរើស​ពីវិធីសាស្រ្តពីរ៖ចុះឈ្មោះដោយខ្លួនឯងតាម​វេបសាយ www.informal.digitaleconomy.gov.kh និងកម្មវិធីទូរស័ព្ទ CAM-IEចុះឈ្មោះតាមភ្នាក់ងារដៃគូ ដូចជា WING, ACLEDA, ABA, SME, និង ARDB ដែលផ្តល់សេវាឥតគិតថ្លៃ។យុទ្ធនាការផ្សព្វផ្សាយនេះ នឹងត្រូវអនុវត្តនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ដោយមានកិច្ចសហការរវាងគណៈកម្មាធិការសម្រប​សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner