តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រើកម្លាំងជាង១៤០ នាក់បង្ក្រាប​បទ​ល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្ត​កំពង់ឆ្នាំង                   

អត្ថបទដោយ៖
Kimsean Sok

កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ឆ្នាំង  នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សហការជា​មួយកម្លាំង​យោធភូមិភាគ​ទី៥ កងពលតូចលេខ៧០ និងបញ្ជាការ​ដ្ឋានទ័ពពិសេស៩១១ និងកងពល​តូច​អន្តរា​គមន៍លេខ ១ ប្រើប្រាស់​កម្លាំង​សរុប ១៤៧នាក់ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិ​សាស្ត្រក្រុង​កំពង់​ឆ្នាំង មាន ភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
 
ប្រតិបត្តិការទ្រង់ទ្រាយធំរហូតប្រើកាណូត ២៦គ្រឿង ,អូរប័ ៣ គ្រឿង​ផងបាន​បង្ក្រាប​បទល្មើសនេសាទនៅ១៧ ទីតាំង​ព្រមទាំងកម្ទេច​ចោលឧបករណ៍ល្មើសច្បាប់មួយចំនួនធំ ។

យោងតាមរបាយការណ៍លទ្ធផលនៃប្រតិបត្តិការបង្រ្កាបក្នុងនោះមាន៖ កម្ទេចកំប្លោកលើសម្រាស់ទំហំ២៨ ៧៥០ម៉ែត្រ​ការ៉េ,បំផ្លាញឡុក​ចំនួន៣០០ម៉ែត្រនិងរុះរើគំនរសម្រាស់ទំហំ៣៨ ៤០០ម៉ែត្រ​ការ៉េ,​ខ្សែចងសម្រាស់​៥០០ ម៉ែត្រ និង​បង្គោលសម្រាស់ចំនួន​១២០ដើម ,អប់រំប្រជាពលរដ្ឋចំនួន៧នាក់ និងធ្វើកិច្ចសន្យាចំនួន២៣ នាក់,ចាក់​លៀសចូលបឹង​ធម្មជាតិវិញចំនួន១៥ តោន ,ដកហូតទូក២០​គ្រឿង,ដកហូតស្បៃអួនចំនួន២៨៥ម៉ែត្រ,ដកហូតម៉ាស៊ីនកាណូតចំនួន៦ គ្រឿង,ដកហូតម៉ាស៊ីនខ្យល់២គ្រឿង និងសម្ភារៈល្មើស ។ប្រជាជន​ដែលប្រព្រឹត្តល្មើសត្រូវបានធ្វើកិច្ចសន្យា និងឱ្យ​ត្រឡប់ទៅ​ផ្ទះវិញ។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនេសាទនេះដែរ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់​ឆ្នាំងមុនចេញ​ប្រតិបត្តិការបង្ក្រាបបានរំលឹកដល់នាយទាហាន ពលទាហាន​ឱ្យ​យល់ភារកិច្ចក្នុងចុះបង្ក្រាបល្មើសនេសាទ គឺតម្រូវឱ្យកងកម្លាំង​ទាំងអស់ កម្ទេចតែឧបករណ៍នេសាទណាខុសច្បាប់តែប៉ុណ្ណោះ ។ត្រូវមានវិន័យនិងក្រមសីលធម៌​​របស់​កងទ័ព ។ត្រូវមានឆន្ទៈ​អនុវត្ត​ភារកិច្ច បទបញ្ជា ,រក្សាសាមគ្គីភាពរវាងអង្គភាពមួយនិងអង្គភាព​មួយនិង​ហាមដាច់ខាត មិនឱ្យ​ទទួលសំណូកពីអ្នកនេសាទដែល​ប្រព្រឹត្តខុស៕
ដោយ៖សុខ គឹមសៀន

ads banner