ផ្លូវល្បាយក្រួសប្រវែងជិតបីគីឡូម៉ែត្រ នឹងធ្វើឱ្យជីវភាពអ្នកភូមិព្រែកត្រប់ កាន់តែផ្លាស់ប្តូរមុខមាត់ថ្មី
បាត់ដំបង៖មិនយូរប៉ុន្មានប្រជាពលរដ្ឋភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នឹងទទួលបានផ្លូវល្បាយក្រួសមួយខ្សែដែលធំទូលាយជាងមុនប្រវែងជិតបីគីឡូម៉ែត្រខណៈបច្ចុប្បន្នការដ្ឋានស្ថាបនាផ្លូវមួយខ្សែនេះ កំពុងតែជំរុញយ៉ាងមមាញឹក ។

ក្នុងសប្ដាហ៍នេះនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភានិងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឯកភ្នំ និងអមដំណើរដោយឯកឧត្តម ខាត់ សាត ប្រធានក្រុមការងារចុះជួយឃុំព្រែកហ្លួង បានអញ្ជើញពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវដីល្បាយក្រួសមួយខ្សែនេះ ដែលអមដោយការសាងសង់លូប្រអប់ចំនួនបីកន្លែងផងដែរ ។សមិទ្ធផលនេះ ក៏ការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរឯកឧត្តមប្រធានក្រុមការងារបន្តចុះពិនិត្យសមិទ្ធផលនានានៅក្នុងឃុំព្រែកហ្លួងដូចជា ការសាងផ្លូវលំ, ការកាយប្រឡាយនិងធ្វើទំនប់ទប់ទឹកជំនន់ស្ទឹងសង្កែ កុំឳ្យហូរចូលលំនៅដ្ឋាន ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ដែលរស់នៅប្របមាត់ស្ទឹងសង្កែ ក្នុងមូលដ្ឋានឃុំ ។

ចំណែកលោកស្រី សឿង វណ្ណា មេឃុំព្រែកហ្លួង និងលោក ខេង សាវុន មេឃុំព្រែកនរិន្ទ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ឯកឧត្តម ខាត់ សាត ដែលបានផ្តល់នូវសមិទ្ធផលនានានៅក្នុងស្រុកកន្លងមក ហើយសមទ្ធិផលថ្មីកំពុងតែលេចចេញជារូបរាង ពិតជាឆ្លើយតបនិងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការដឹកកសិផលនិងជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានយ៉ាងពិតប្រាកដ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

