បុណ្យទន្លេនៅខេត្តតាកែវ នឹងមានព្រឹត្តិការណ៍កីឡា១០ប្រភេទចូលរួម
តាកែវ៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះនឹងរៀបចំឡើងពីថ្ងៃទី២១-២៣ ខែមីនា នៅបឹងតាកែវខេត្តតាកែវ។ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នេះ នាថ្ងៃទី២២ ខែមីនា ។
តាមរយៈកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងកាលពីព្រឹកថ្ងៃចន្ទទី១៧ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងារត្រៀមរៀបចំ បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ បានគូសរំលេចថា ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនៅខេត្តតាកែវលើកនេះ នឹងមានរៀបចំកីឡា១០ប្រភេទចូលរួម ក្នុងនោះមាន៖១. កីឡាជិះកង់ចម្ងាយ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២.កីឡារត់កម្សាន្តមហាជន ១ ២០០នាក់, ៣.កីឡា អុកចត្រង្គ មហាជន, ៤. កីឡាកម្សាន្ត រែក បាយខុម លោតម៉ឹក, ៥.កីឡាបាល់ទះ មហាជន, ៦. កីឡាប៉ូល(បេតង់)មហាជន, ៧. កីឡាទូកកានូកាយ៉ាក មហាជន, ៨.ការបង្ហោះគោមរួមគ្នា៥០០គោម, ៩.កីឡាគុនខ្មែរ, និង១០.កីឡាសម្ដែងប៉ារ៉ាប៉ូទ័រ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានរាយការណ៍ជូនអង្គប្រជុំថា ទីតាំងត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ នៅសួនច្បារមាត់បឹងតាកែវ រដ្ឋបាលខេត្តបានរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សម្អាតទីតាំង ទីតាំងស្ដង់ពិព័រណ៍ ទីតាំងលែងកម្សាន្ត និងជិះទូកបានត្រៀមរួចរាល់អស់ហើយ ពិសេសការត្រៀមស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ចំណែកឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញនូវក្តីរំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នឹងជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ៕
ដោយ៖តាកែវ
